អភិបាលខេត្តកំពង់ចាម អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គម តាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គមចំនួន ២បន្ថែមទៀត

0

កំពង់ចាម : ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងពេលមានសម្ពាធអតិផរណា នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គម តាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គមចំនួន ២បន្ថែមទៀត កម្មវិធីទី១៖ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីទី២៖ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ដោយទឹកជំនន់ រហូតមកដល់ពេលនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិតជាត្រូវបានទទួលស្គាល់ជាយន្តការអន្តរាគមន៍មួយដ៏មាន ប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការ និងស្ថានភាពជាក់ស្ដែង។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាបានយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅ ក្បែរបន្ទាត់ក្រីក្រដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ជាដើម។ ទាំង នេះបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយក្នុងការគាំពារសង្គម ដោយកសាងប្រព័ន្ធ គាំពារសង្គមមួយដែលមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាពផងដែរ ។

ក្នុង ពិធី នោះដែរ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានជំរុញដល់ការិយាល័យជំនាញ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ក៏ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនៅឃុំ សង្កាត់ និងមណ្ឌលសុខាភិបាលសាធារណតាមមូលដ្ឋានទាំង១០៩ ក្នុងខេត្តកំពង់ចាម ត្រូវ អនុម័ត កម្មវិធីជំនួយសង្គមដោយមានការ ប្រុងប្រយ័ត្ន និង ត្រឹមត្រូវ ធ្វើយ៉ាងណា កុំ ឲ្យ ប៉ះពាល់ ដល់ គោលនយោបាយ របស់ រាជរដ្ឋាភិបាល ពោលគឺ ត្រូវបន្តប្រើប្រាស់នូវចំណេះជំនាញ បទពិសោធន៍ និងយន្តការដែលមាន ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្កសិទ្ធភាពនៃការអនុវត្តកម្មវិធី ព្រមទាំងពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈមធ្យោបាយនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាការប្រើប្រាស់យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីប្រាកដថាកម្មវិធីនឹងដំណើរការបានរលូនស្របតាមផែនការ និងលទ្ធផលរំពឹងទុក ផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម ឈួរ សុបញ្ញា ក៏បាន ស្នើសុំដល់សារព័ត៌មានទាំងអស់ ឱ្យ បន្តជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្ដីពីការដាក់ឱ្យអនុវត្ត កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដេីម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគ្រួសារងាយរងហានិភ័យ និងគ្រួសាររស់នៅក្បែរបន្ទាត់ក្រី ក្រ ផងដែរ ៕