សមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នាផ្អើលចុះរាវរកមនុស្ស ក្រោយប្រទះឃើញម៉ូតូមួយគ្រឿងធ្លាក់ចូលក្នុងទឹកប្រឡាយ

0

តាកែវ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូមួយគ្រឿងធ្លាក់ចូលក្នុងទឹកប្រឡាយ ខាងលិចវត្តត្រពាំងបឹង ស្ថិតក្នុងភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង តែមិនឃើញមនុស្សប្រជាពលរដ្ឋដាក់ការសង្ស័យថា មនុស្សអាចលង់ទឹក ក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយពីបានទទួលដំណឹងភ្លាម លោក អ៊ុំ សុខេន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរវៀង បានដឹកនាំកម្លាំង សហការនឹងប្រជាពលរដ្ឋ ចុះស្រង់ម៉ូតូពីក្នុងទឹក រួចបើកប្រតិបត្តិការរុករកម្ចាស់ម៉ូតូដោយអ្នកខ្លះចុះរាវ អ្នកខ្លះបង់សំណាញ់ ដើម្បីជួយសង្គោះមនុស្សក្រែងលោនៅមានជីវិត។

ក្រោយចុះប្រតិបត្តិការជាមួយម៉ោង បែរជាជួយរឿងដ៏ហួសចិត្ត ព្រោះជាលទ្ធផលអ្នកបង់សំណាញ់ និងអ្នកចុះរាវរកមិនបានរកឃើញមនុស្សទេបានតែត្រី ចំណែកឯម្ចាស់ម៉ូតូវិញនោះ គឺបានឡើងទៅដេកចោលម៉ូតូនៅក្នុងបន្ទប់ទឹកប្រជាជនក្នុងភូមិកុកតារៀទៅវិញ៕