ភ្នំពេញ ៖ ទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញឿន មួយកន្លែង ស្ថិតនៅផ្ទះលេខ២៤B ផ្លូវលេខ៦៦៦ ក្រុម១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ប៊ន សំអាត ប្រធានការិយាល័យ ចុះឡោមព័ទ្ធបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យ ប្រុសស្រីចំនួន៨នាក់ រួមនឹងវត្ថុមួយចំនួនក្នុងការដាក់បន្ទុក ។
លោក ប៊ន សំអាត បានឲ្យដឹងក្រោយការបង្ក្រាបថា បន្ទាប់ពីកម្លាំងការិយាល័យប្រឆាំងការ ជួញដូរគ្រឿងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានចុះស្រាវជ្រាវ ស៊ើបអង្កេតដឹងថា ទីតាំងខាងលើមានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន លោកក៏បានសុំគោលការណ៍ពី ព្រះរាជអាជ្ញា និងសុំការសហការជាមួយនគរបាលខណ្ឌទួលគោក ដើម្បីចុះឡោមព័ទ្ធបង្ក្រាបទីតាំងខាងលើ ។
លោកបានបន្តទៀតថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ រួមមាន ៖ ១-ណៃ ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ, ២-អែល សារិន ភេទប្រុស អាយុ៣៧ឆ្នាំ, ៣-មាស ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ, ៤-ច័ន្ទ ម៉ីម៉ី ភេទស្រី អាយុ២២ឆ្នាំ, ៥-សេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ, ៦-ជុំ កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ, ៧-ម៉ៅ លក្ខិណា ភេទស្រី អាយុ៣៧ឆ្នាំ និង៨-ម៉ៅ ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ នឹងដកហូតបានវត្ថុតាងមានម៉ាទឹកកក ជាង២ខាំ, ថ្នាំញៀនប្រភេទយ៉ាម៉ា១៣២គ្រាប់, កាំភ្លើងខ្លី១ដើមម៉ាកឡុក, រថយន្តមួយគ្រឿង ម៉ាក RAV4 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B-3923, ម៉ូតូ១គ្រឿង់ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ពាក់ស្លាកលេខ1CB-2754 ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងការជួញដូរ គ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ឈានដល់កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕