អេស្កាជីកដីចំណីស្ទឹងយកខ្សាច់ធ្វើអាជីវកម្មទ្រង់ទ្រាយធំរណ្ដៅដីធំមហិមានិងជម្រៅជិតដល់ក្បាលប្រែតចាប់ផ្ដើមដំណើរការឡើងវិញហើយ

0

សៀមរាប÷យ៉ាងហោចណាស់មានអេស្កាវ៉ាទ័រចំនួន២គ្រឿងធ្វើសកម្មភាពជីកាយយកខ្សាច់ចំណីស្ទឹង។កាលពីថ្ងៃទីខែកក្តដាឆ្នាំ២០២២បានផ្អាកមួយរយ:ដោយកត្តាទឹកជំនន់ជន់លិចរុណ្ដៅមិនអាចធ្វើសកម្មភាពកើត ពេលនេះទឹកបានស្រកទៅវិញហើយទើបចាប់ផ្ដើមជីកកកាយទីតាំងចាស់ឡើងវិញតាមដងស្ទឹងជីក្រែងនៅចំណុចអន្ទង់អាំងស្ថិតក្នុងភូមិចំបក់ធំឃុំកំពង់ក្ដី ស្រុកជីក្រែងខេត្តសៀមរាបយកខ្សាច់ធ្វើអាជីវកម្មទ្រង់ទ្រាយធំ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថាម្ចាស់អាជីវកម្មខ្សាច់ហើយក៏ជាម្ចាស់អេស្កាផងដែរនោះប្រពន្ធឈ្មោះសួយនិងប្ដីឈ្មោះពន់បច្ចុប្បន្នអ្នកទាំងពីររស់នៅភូមិឃុំនៃទីតាំងដែលកំពុងធ្វើសកម្មភាពខាងលើ។ប្រជាពលរដ្ឋបន្តទៀតថាពីរនាក់ប្ដីប្រពន្ធបានធ្វើអាជីវកម្មខ្សាច់នៅចំណុចនេះជាច្រើនឆ្នាំមកហើយ ម្យ៉ាងវិញទៀតនៅពេលដឹកជញ្ជូនខ្សាច់ទៅឲ្យអតិថិជនមិនដែលចងគ្របឡានដឹកខ្សាច់នោះទេ មិនខ្វល់ពីសុខភាពសាធារណៈនោះឡើយទោះបីជាដឹកជញ្ជូនកាត់ទីប្រជុំជនក៏ដោយ។
ទាក់ទងនឹងការអះថាបានធ្វើអាជីវកម្មដីចំណីស្ទឹងមានទំហំធំៗមហិមានិងជម្រៅជិតដល់ក្បាលប្រែតហើយមានការព្រួយបារម្ភពីសុខភាពសាធារណៈខាងលើនេះអ្នកសារព័ត៌មានមិនបានសុំការបំភ្លឺពីម្ចាស់អាជីវកម្មបានទេព្រោះគ្មានលេខទូរស័ព្ទ ចំណែកលោកឡុង លាតប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបអ្នកសារព័ត៌មានបានហៅទូរស័ព្ទចូលហើយតែគ្មានអ្នកទទួលនៅពេលដែលលោកឡុង លាតទូរស័ព្ទមកអ្នកសារព័ត៌មានវិញទទួលហើយប៉ុន្តែទូរស័ព្ទដាច់ទៅវិញបានព្យាយាមចុចទូរស័ព្ទជាច្រើនដងដើម្បីឲ្យបំភ្លឺករណីខាងលើនេះប៉ុន្តែជាចុងក្រោយទូរស័ព្ទនៅក្រៅតំបន់សេវារហូត។
លោកម៉ូវ ជា អភិបាលរងស្រុកជីក្រែងទទួលបន្ទុកអន្តរវិស័យរដ្ឋបាលស្រុកជីក្រែងអ្នកសារព័ត៌មានបានបញ្ជូនរូបភាពនិងបញ្ហាមួយចំនួននៅទីតាំងនេះគាត់ចូលមើលហើយប៉ុន្តែមិនមានវាចារអ្វីតបវិញទាល់តែសោះ។
ជាចុងក្រោយប្រជាពលរដ្ឋបានសំណូមពរឲ្យលោកឡុង លាតប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបនិងមន្ត្រីជំនាញពាក់ព័ន្ធមេត្តាចុះមកសិក្សាផ្ទាល់នៅកន្លែងអេស្កាជីកខ្សាច់និងការដឹកជញ្ជូនខ្សាច់ទៅឲ្យអតិថិជនព្រោះពួកគាត់ព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាពកូនៗរបស់ពួកគាត់និងបរិស្ថានសាធារណៈ៕
ដោយ អ៊ុក ផ្លុង