សត្វតុកតុល(ហៅខ្មុល) ជាសត្វពេញនិយមសម្រាប់ប្រជានេសាទលក្ខណៈគ្រួសារ ខេត្តកំពង់ធំទិញយកធ្វើនុយសន្ទូច

កំពង់ធំ៖នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សត្វតុកតុលគេនិយមហៅថាសត្វខ្មុល  ត្រូវបានប្រជានេសាទលក្ខណៈគ្រួសារនៅខេត្តកំពង់ធំ ពេញនិយមយកទៅធ្វើនុយដាក់សន្ទូច។

    ប្រជានេសាទទាំងនោះរៀបរាប់ឲ្យដឹងថា សត្វតុកតុល ហៅខ្មុលរស់ ឆ្នាំនេះថោកជាងឆ្នាំមុន មានតម្លៃត្រឹមតែ១គីឡូ១៥.០០០រៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ ដោយឆ្នាំមុនតម្លៃចន្លោះពី២ម៉ឺនរៀលរហូតដល់ ៣ម៉ឺនរៀលឯណោះ ។

     សត្វតុកតុល(ហៅខ្មុល) មានរូបរាងពណ៌សម្បុរ លឿងត្នោត និងមានទំហំខ្លួនប្រវែង៣-៤ សង់ទីម៉ែត្រ នៅផ្នែកក្បាលវាមានប្រមោយមួយគូរ ប្រមោយនេះមានតួរនាទី ចាប់រលកសញ្ញារបស់សត្រូវវា និង សត្វជាអាហារ ហើយផ្តល់ពត៌មានយ៉ាង ជាក់លាក់ទៅអោយវា ! ជើងមុខមានសណ្ឋានរឹងបង្កើតឡើងសម្រាប់ការជីក កកាយដី ស្លាបមុខមានតួរនាទីការពារដល់ស្លាបធំដែលមានមុខងារ សម្រាប់ហោះហើរ ។

   ជាមួយគ្នានោះលោក ស៊ុន វិច្ឆ័យ អាយុ៤២ រស់់នៅភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក បានប្រាប់ឲ្យដឹងថា  លោកបានប្រមូលទិញខ្មុលនេះមកពីអ្នកភូមិ ក្នុងស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ ស្រុកតាំងគោក និង តាមស្រុកមួយចំនួនទៀត ដោយទទួលទិញខ្មុលរស់មួយគីឡូក្រាមតម្លៃ១៣.០០០រៀល លក់ចេញវិញបានតម្លៃ ១៥.០០០រៀល ចំណែកខ្មុលងាប់វិញ ទទួលទិញក្នុងមួយគីឡូក្រាមត្រឹមតែ១.៥០០ រៀល លក់ចេញ១គីឡូក្រាមបានត្រឹមតែ២.០០០ ទៅ៣.០០០ រៀលប៉ុណ្ណោះ។ 

      ដោយឡែក ស្ត្រី ឈុន គន្ធា អាយុ៣០ឆ្នាំ ដែលជាជីវអាជីវករលក់ខ្មុលរស់បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះការលក់សត្វខ្មុលរស់ និងខ្មុលងាប់ មានការថយចុះ ហ្នឹងក៏មានការខាតផងដែរ។ 

      ពួកគាត់បានលើកឡើងស្រដៀងគ្នាទៀតថា ការលក់សត្វខ្មុលរស់ ក៏មានការប្រឈមការខូចខាតផងដែរ នៅពេលដែលយើងលក់មិនអស់ ឬការទុកដាក់មិនល្អ ខ្មុលរស់ទាំងអស់នោះអាចនឹងងាប់ នៅពេលដែលខ្មុលងាប់យើងមិនអាចលក់ចេញបានទេ គឺមានតែយកឲ្យត្រីស៊ី មាន់ទាស៊ីវិញ ។ 

     ចំពោះប្រជានេសាទបានឲ្យដឹងដូចគ្នាផងដែរថា ការមកទិញខ្មុលរស់គឺយកទៅធ្វើជានុយដាក់សន្ទូចត្រី ហើយនុយខ្មុលរស់នេះវាល្អ ជាជាងនុយផ្សេងៗ យកទៅនេសាទដាក់សន្ទូចត្រី ទទួលបានទិន្នផលត្រីល្អ ក្នុងនោះត្រីដែលចូលចិត្តស៊ីនុយខ្មុលនេះដូចជា ត្រីខ្មាន់ ត្រីច្រកែង  ត្រីកេស ត្រីឆ្លាត ត្រីស្ពិន ត្រីអណ្តែង។ល។  ដូចនេះហើយ ទើបពួកគាត់មិនខ្លាចការមកទិញនុយខ្មុលរស់ក្នុងតម្លៃថ្លៃនោះឡើយ ពេលណានុយល្អ យើងក៏ទទួលបានទិន្នន័យត្រីទៅតាមហ្នឹងដែរ ៕