អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ក្នុងរយៈពេលប្រមាណជាពីរទស្សវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ អភិវឌ្ឍប្រទេសឲ្យមានការ រីកចម្រើនជាលំដាប់

កំពង់ចាម​:​ ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ លទ្ធផលបឋមផលិតផលក្នុងស្រុកសរុប GDP និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ CPI ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ​ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ចាម​ បានថ្លែងថា​ ក្នុងរយៈពេលប្រមាណជាពីរទស្សវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ អភិវឌ្ឍប្រទេសឲ្យមានការ រីកចម្រើនជាលំដាប់។ ជាក់ស្ដែងខេត្តកំពង់ចាម មានហេដ្ឋារចនាសម្ព័ន្ធរូវន្ត មានការរីកចម្រើនដូចជា​ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ សួនច្បារសាធារណៈ វត្តអារាម និង វិស័យឯកជន ជាពិសេស រង្វង់មូលវិមានឯករាជ ដែលជាតំបន់ទេសចរដ៏សំខាន់សម្រាប់ហាត់ប្រាណ និងធ្វើដំណើកម្សាន្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ដោយឡែករដ្ឋបាលខេត្តក៍បានទាក់ទាញអ្នកវិនិយោគធំ​ តូច បានសាងសង់រោងចក្រមានចំនួន ២៤មូលដ្ឋាន ស្ថិតក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ដែលអាចស្រូបយកកំលាំងពលកម្ម កម្មករ កម្មការនី សរុប ៣៦០៤៧នាក់ ដែលជាចំណែកមួយចូលរួមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូច ជាចូលរួមក្នុងកំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

ក្នុង​កិច្ចប្រជុំ​នោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្រសួងផែនការបានបើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ លទ្ធផលបឋមផលិតផលក្នុង ស្រុកសរុប GDP និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ CPI ខេត្តកំពង់ចាម ឆ្នាំ២០២១-២០២២ ដែលទិន្នន័យនេះ បានមកពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត រួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលនាយកដ្ឋានគណនេយ្យជាតិ នៃក្រសួងផែនការយកមកគណនា។ ទិន្នន័យនេះមានសារៈសំខាន់ សម្រាប់ធ្វើជាមធ្យោបាយក្នុងការវាស់វែងអំពីកម្រិតនៃការរីកចម្រើន របស់រដ្ឋបាលខេត្តតាមបណ្តាឆ្នាំនីមួយៗ និងចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈ ការវិភាគតាមបែបម៉ាក្រូសេដ្ឋកិច្ច។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​បញ្ជាក់​ថា​ លទ្ធផលគណនេយ្យជាតិសម្រាប់ថ្នាក់ខេត្តគឺជា ឯកសារគន្លឹះដែលជាមូលដ្ឋានសម្រាប់ អនុវត្តសកម្មភាពអាទិភាពសំខាន់ៗ ស្របតាមគោល នយោបាយ ដែលមានសង្គតិភាពជាមួយនឹងគោលដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងជាពិសេស ជាងនេះទៅទៀត គឺដើម្បីចូលរួមសម្រេចបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

គួរបញ្ជាក់ផងដែរថា ទិន្នន័យនេះវាមានសារៈសំខាន់ សម្រាប់ខេត្ត ដើម្បីបង្ហាញដល់ភាគីពាក់ព័ន្ធនានា ជាពិសេសដៃគូអភិវឌ្ឍន៍ ដែលមានបំណងចង់ មកវិនិយោគ នៅលើទឹកដីរដ្ឋបាលខេត្តកំពង់ចាម ហើយពួកគេអាចដឹងពីកំណើនសេដ្ឋកិច្ច និងការ រីកចម្រើនរបស់រដ្ឋបាលខេត្ត តាមរយៈលទ្ធផលផលិតផលក្នុងស្រុកសរុប GDP នេះ​ ៕