ចង់ឡើងលបប្រពន្ធគេ ពេលប្តីដឹង ប្រើហឹង្សារហូតដល់ស្លាប់

0

ខេត្តបាត់ដំបង ÷ យុវជនម្នាក់បានស្លាប់ក្រោយពីបានដឹកដល់ផ្ទះ បន្ទាប់ពីយុវជនរូបនេះបម្រុងឡើងលបប្រពន្ធគេ ហើយត្រូវប្តីគេដឹងក៏ទៅត្រៀមចាំវាយតប់តែម្តង។

ហេតុការណ៍ដែលបណ្តាលអោយមានមនុស្សស្លាប់នេះគឺពុំមាននរណារាយការណ៍ទៅសមត្ថកិច្ចឡើយ ទីបំផុត សមត្ថកិច្ចបានដឹងនៅវេលាម៉ោង ១២ និង ៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារករណីហឹង្សានេះ បានកើតឡើងនៅចំណុចសំណង់ទ្វារទឹកទី១ ខាងមុខផ្ទះជនបង្ក ស្ថិតក្នុងភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
សពជនរងគ្រោះឈ្មោះ អុល សំអូន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្រុមទី៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ មុខរបរកម្មករ រីឯជនសង្ស័យដែលជាមិត្តភ័ក្តិនិងគ្នា មានឈ្មោះ ច្រិប រាត្រី ហៅតាំង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា មុខរបរ ធ្វើស្រែ ។
តាមការបំភ្លឺពីឈ្មោះ ញេន សុខេន ភេទស្រី អាយុ២៧ឆ្នាំ ដែលត្រូវជាប្រពន្ធជនដៃដល់ បានអោយដឹងថា ខ្លួនពីមុនធ្លាប់មានប្តី និងកូនចំនួន១នាក់ តែបានលេងលះគ្នាអស់រយ:ពេលប្រហែល១០ឆ្នាំមកហើយ ចំណែកកូនបានមករស់នៅជាមួយម្តាយរបស់ខ្លួន។ 
ស្ត្រីរូបនេះបានបន្តថា ប្រហែល៣ខែចុងក្រោយនេះ ខ្លួនបានមកស្នាក់នៅចំណុចបឹងខ្យងភូមិបត់សាលា ឃុំឈើទាល ជាមួយឈ្មោះ ច្រិប រាត្រី (ជនសង្ស័យ) ដើម្បីមកធ្វើស្រែ មូលហេតុដែលខ្លួនមករស់នៅទីនេះរី ដោយសារតែខ្លួនមានទំនាក់ទំនងស្នេហាអស់រយ:ពេលប្រហែល៣ឆ្នាំមកហើយ តែមិនទាន់បានរៀបចំសែនព្រេននៅឡើយទេ។
នៅវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ វិច្ឆិកា ឈ្មោះ អុល ឈ្មោះសំអូន(សព)ដែលត្រួវជាពួកម៉ាកប្តីរបស់ខ្លួន ក៏បានមកស្នាក់នៅជាមួយដែរដែលគេមានបំណងចង់ទៅឆ្លុះសត្វជាមួយ ​ហើយខ្ទមស្រែដែលខ្លួនស្នាក់នៅនោះមានចម្ងាយប្រហែល៥០០ម៉ែត្រពីភូមិ។លុះនៅវេលាម៉ោង៣ទៀបភ្លឺ ពេលដែលប្តីរបស់ខ្លួនរៀបចំចេញទៅឆ្លុះសត្វ ទើបឈ្មោះ អុល សំអូន និយាយប្រាប់ថាអោយប្តីរបស់ខ្លួន ទៅឆ្លុះសត្វតែម្នាក់ឯងទៅ គាត់មិនបានទៅទេដោយសារគាត់ស្រវាំងភ្នែកហើយបើបានសត្វ យកមក លក់អោយគាត់ ។
នាងបានបកស្រាយបន្តនៅចំពោះមុខសមត្ថកិច្ចទៀតថា ពេលនោះ នាងនៅក្នុងខ្ទមស្រែតែ២នាក់ ដែលពុំមានទ្វារបិទបាំងនោះទេ ដោយខ្លួនដេកក្នុងមុងលើគ្រែរនាបឫស្សី ឯឈ្មោះសំអូន បានចងអង្រឹងដេកនៅសំយ៉ាបខ្ទមពេលខ្លួនកំពុងដេក តែមិនទាន់លក់ឈ្មោះ សំអូន បានឡើងទៅកន្លែងខ្លួនដេក ហើយបានបិទភ្លើងទូរស័ព្ទដែលខ្លួនបើកដាក់លើខ្នងម៉ុង ហើយចូលទៅក្នុងមុងតែមិនបាននិយាយអ្វីទេឃើញដូច្នេះ ខ្លួនក៏ស្ទុះងើបហើយនិយាយថាឡើងមកធ្វើអ្វី ? ហើយឈ្មោះសំអូន ក៏មិនបាននិយាយអ្វីច្រើនដែរគ្រាន់តែថា ចឹងខ្ញុំចុះទៅវិញក៏បានដែរចែ។ ពេលនិយាយរួចឈ្មោះសំអូន ក៏ចុះទៅដេកអង្រឹងវិញ លុះម៉ោងជិត៥ភ្លឺ ពេលដែលប្តី ត្រឡប់មកពីឆ្លុះសត្វវិញបានឡើងដេកលើអង្រឹងក្បែរកន្លែងដែលខ្លួនដេក ហើយខ្លួនក៏និយាយពីដំណើររឿងខាងលើប្រាប់ទៅគាត់ ពេលនោះដែរឈ្មោះសំអូន បានទៅដេកលើសំណង់ទ្វារទឹក។ ពេលនោះខ្លួនក៏ដេកលក់មួយភាំង ខ្លួនលឺសូរសំលេងដូចមនុស្សលោតទឹកហើយស្រែកថាអូយៗ ពេលនោះខ្លួនក៏ក្រោកមកបាត់ប្តី ប្រហែល១០នាទី ជាងទើបឃើញត្រឡប់មកវិញឡើងដេកធម្មតារួចនិយាយប្រាប់ខ្លួនថាគាត់វាយឈ្មោះសំអូនហើយ លុះដល់ម៉ោងប្រហែល ៦ព្រឹក ទើបឃើញមិត្តភ័ក្ត្ររបស់ឈ្មោះសំអូនមកសួររកព្រមទាំងបាននាំគ្នាដឹកឈ្មោះសំអូនដែលរងរបួសបែកក្បាល យកទៅផ្ទះដើម្បីព្យាបាល លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបខ្លួនបានឮដំណឹងថាឈ្មោះសំអូនស្លាប់ទៅហើយ។
ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ រួចមកក្រុមការងារសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានបានថា:
ឈ្មោះ អុល សំអូន ស្លាប់ដោយប៉ះពាល់ផ្នែកក្បាលធ្ងន់ដោយប៉ះនិងវត្ថុរឹង បច្ចុប្បន្នសពបានប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យហើយ ដោយឡែកជនបង្កក៏ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមនិតិវិធីផងដែរ ៕ អត្ថបទ : ព្រាប.ស