ស្ត្រីម្នាក់បន្លំលួចមាសផ្សារឆ្នាំងត្រូវអាជីវករចាប់បញ្ជូនឱ្យសមត្ថកិច្ចនគរបាល

0

កំពង់ឆ្នាំង: ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានអាជីវករផ្សារឆ្នាំង ព្រួតគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ច នគរបាលខណៈដែលធ្វើសកម្មភាពបន្លំលួចខ្សែកមាសមួយខ្សែ មិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង ៣០នាទី ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នៅចំណុចផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង  បានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ ហម ឌី អាយុ៥៥ ឆ្នាំមានទីលំនៅភូមិដើមជ្រៃ ឃុំរកាកោង២  ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុ ស្រី្តជាជនសង្ស័យខាងលើ បានទៅដូរប្រាក់ចំនួន ១០០ដុល្លារ ពីម្ចាស់តូបឈ្មោះ ប៊ូ ផល្លា ភេទប្រុសអាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំងលុះពេលដូរ ហើយក៏ធ្វើជាសុំទិញមាសចំនួន ២ហ៊ុន ប៉ុន្តែខណៈដែលម្ចាស់តូបរវល់កូនយំ ងាកក្រោយមួយភ្លែត ស្រាប់តែស្ត្រីខាងលើបន្លំលួចខ្សែកមាសមួយខ្សែ តែត្រូវម្ចាស់តូបដឹងទាន់ ក៍ចាប់ជនសង្ស័យខាងលើ និងបញ្ជូនឲ្យសមត្ថកិច្ចនគរបាល តែម្តង ។

សមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថានៅរសៀលនេះកំពុងតែសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕