ចៅហ្វាយស្រុកអង្គរបូរីធ្វើឲ្យមន្ទីរជំនាញឈឺក្បាលរត់ខ្វែងជើងគ្នាទៅមើលឈ្មួញកាយភ្នំបូរី

0

ខេត្តតាកែវ ៖ ក្រោយធ្លាយដំណឹងថា លោកចៅហ្វាយស្រុកអង្គរបូរីអនុញ្ញាតិឲ្យក្រុមឈ្មួញកាយយកថ្មភ្នំបូរី លក់យ៉ាងគគ្រឹកគគ្រេង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឮថា មន្ទីរជំនាញពាក់ព័ន្ធកំពុងរត់ខ្វែងជើងគ្នាទៅពិនិត្យទីតាំងភ្នំបូរីដែលជាភ្នំប្រវត្តិសាស្ត្រមួយនេះហើយ។
តាមការបញ្ជាក់ពីលោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា ករណីកាយភ្នំបូរីនេះលោកអត់ដឹង ហើយក៏មិនពាក់ព័ន្ធនិងជំនាញលោកដែរ។ លោកប្រធានមន្ទីរបញ្ជាក់ថា ជំនាញលោកគ្មានសិទ្ធក្នុងការអនុញ្ញាតិច្បាប់ពាក់ព័ន្ធនិងការងាររ៉ែនិងថាមពលទៅឲ្យក្រុមឈ្មួញនោះទេ គឺខេត្តនិងស្រុកជាអ្នកអនុញ្ញាតិ ជំនាញលោកគ្រាន់តែពិនិត្យនិងទទួលស្គាល់លើលិខិតស្នាមប៉ុណ្ណោះ។ ចំណែកលោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវវិញនៅព្រឹកថ្ងៃទី២៨វិច្ឆិកា លោកមិនបានបកស្រាយវែងឆ្ងាយនោះទេ ដោយថា លោកកំពុងបើកឡានទៅពិនិត្យទីតាំងភ្នំបូរីនេះហើយ។
សូមបញ្ជាក់ថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលទើបឡើងកាន់ដំណែង៣ ៤ ខែ បានបើកដៃឲ្យក្រុមឈ្មួញកាយយកថ្មភ្នំបូរី ដែលជាភ្នំប្រវត្តិសាស្ត្រលក់រាល់ថ្ងៃយ៉ាងគគ្រឹក គគ្រេង ដោយប្រជាពលរដ្ឋលើកឡើងថា ចៅហ្វាយស្រុកអង្គរបូរី រូបនេះចូលចិត្តច្រៀងខារ៉ាអូខេណាស់ ហើយប្រហែលជាអត់លុយច្រៀងហើយមើលទៅ បានជាឃុបឃិតអនុញ្ញាតិឲ្យឈ្មួញកាយយកថ្មភ្នំបូរីលក់យ៉ាងនេះ៕ ពូស៊្មីត