សៀមរាប÷ប្រជាពលរដ្ឋក្នុងស្រុកជីក្រែងរិះគន់រដ្ឋបាលព្រៃឈើនិងមន្ត្រីឧទ្យានិរក្សការពារនិងអភិរក្សជម្រកសត្វព្រៃបឹងពែធ្វើការដេកចាំបើកតែប្រាក់ខែដោយមិនអនុវត្តតួនាទីនិងកាតព្វកិច្ច បណ្ដោយអោយឈ្មួញដឹកឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងដូចហែរកឋិន។ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថាមិនចាំបាច់និយាយពីរឺម៉កម៉ូតូឬក៏គោយន្តកន្ត្រៃនោះទេព្រោះការដឹកជញ្ជូនដោយមធ្យោបាយខាងលើនេះភាគច្រើនជាប្រភេទឈើក្រាក់ធម្មតា។ចំណែកការដឹកឈើខុសច្បាប់ដោយឡានវិញមួយថ្ងៃៗមិនតិចជាង១០ឡាននោះទេ ពួកគាត់បានបន្តទៀតថាមេខ្លោងដែលដឹកឈើខុសច្បាប់យ៉ាងសកម្មជាងម្នាក់ឈ្មោះភាព និងម្នាក់ទៀតឈ្មោះច្រិចអ្នកទាំង២បច្ចុប្បន្នរស់នៅភូមិខ្វាវឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបជាក់ស្ដែងនៅថ្ងៃទី២៧និង២៨ខែវិច្ឆកាឆ្នាំ២០២២អ្នកទាំង២បានដឹកឈើខុសច្បាប់យ៉ាងសកម្មដូចប្រជាពលរដ្ឋអះអាងមែនម៉្យាងវិញទៀតពួកគាត់បានប្រាប់អ្នកសារព័ត៌ថាលោកភាពនិងលោកច្រិចជាមួយបក្សពួកដឹកឈើខុសច្បាប់ជាច្រើននាក់ទៀតបានរៀបឈើដាក់ក្នុងឡានដោយដាក់រឹសឈើឬក៏មេឃឈើក្រាក់ដាក់សំពីងសំពោងពីលើដើម្បីបន្លំភ្នែកមហាជនការពិតផ្នែកខាងក្រោមភាគច្រើនជាឈើប្រណីតដូចជាប្រភេទឈើធ្នង់,ផ្ចឹក,សុក្រមជាដើម។នៅពេលដែលអ្នកសារព័ត៌មាន
សួរប្រជាពលរដ្ឋថាហេតុអ្វីបានជារិះគន់ថារដ្ឋបាលព្រៃឈើនិងមន្ត្រីឧទ្យានុរក្សនិងបរិស្ថានការពារនិងអភិរក្សជម្រកសត្វព្រៃបឹងពែថាដេកចាំបើកតែប្រាក់ខែមិនអនុវត្តតាមតួនាទីនិងកាតព្វកិច្ច?ពួកគាត់បានឆ្លើយថាព្រោះឈើខុសច្បាប់ទាំងអស់ដែលបានដឹកជញ្ជូនយកមកចូលក្នុងសិប្បកម្មភូមិប៉ាតតនិងភូមិខ្លាឃ្មុំឬក៏ភូមិផ្សេងៗទៀតក្នុងស្រុកជីក្រែងមិនថាដឹកជញ្ជូនតាមគោយន្ត្រៃឬក៏ឡាននោះទេសុទ្ធតែមានប្រភពចេញពីឃុំខ្វាវទាំងអស់។ដោយឆ្លងកាត់ស្នាក់ការបរិស្ថានយ៉ាងហោចណាស់៣ស្នាក់ការនិង
ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើចំនួនពីរផងដែរ។
ក/ស្នាក់ការឧទ្យានុរក្សនិងបរិស្ថាន
១-ស្នាក់ការបរិស្ថានខ្វាវ
២-ស្នាក់ការបរិស្ថានស្រោង
៣-ស្នាក់ការបរិស្ថានក្បាលដំរី
ខ/ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ
១-ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើគំរូ
២-ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសាលា
ពួកគាត់បានបញ្ជាក់ថែមទៀតថាការដឹកឈើខុសច្បាប់យ៉ាងអនាធិបតេយ្យឆ្លងកាត់ស្នាក់ការខាងលើនេះមិនដែលឃើញមានមន្ត្រីប្រចាំស្នាក់ការទាំងនេះទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ។ទើបពួកគាត់និយាយថាដេកចាំបើកតែប្រាក់ខែ។
ពាក់ព័ន្ធនឹងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះមន្ត្រីជំនាញមានតួនាទីនិងភារកិច្ចការពារនិងទប់ស្កាត់បទល្មើស ព្រៃឈើអ្នកសារព័ត៌មានបានបញ្ជូនសំនួរតាមប្រព័ន្ធតេលេក្រាមទៅលោកលី សុភាពនាយការិយាល័យឧទ្យានុរក្សនិងបរិស្ថានការពារនិងអភិរក្សជម្រកសត្វព្រៃបឹងពែលោកលី សុភាពចូលមើលហើយប៉ុន្តែគ្មានការឆ្លើយបំភ្លឺ។លោកមិន ជួបប្រធានស្ដីទីបម្រុងមន្ត្រីបរិស្ថានស្នាក់ការស្រោងបានបំភ្លឺប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាលោក ច្រិចមន្ត្រីបរិស្ថានស្នាក់ការស្រោងធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនឈើខុសច្បាប់ចំនួន៦ទៅ៧ដងហើយនៅពេលអ្នកសារព័ត៌មានសួរថាហេតុអ្វីលោកច្រិចបន្តសកម្មភាពដឹកឈើខុសច្បាប់ទៀតលោកមិន ជួបឆ្លើយថាលោកច្រិចបានសុំដឹកឈើក្រាក់ធម្មតានៅពេលដែលសួរអំពីលោកភាពនិងឡានដឹកឈើខុសច្បាប់ដ៏ទៃទៀតលោកមិន ជួបនិយាយថាលោកកំពុងនៅក្នុងព្រៃទូរស័ព្ទមិនសូវមានសេវាស្ដាប់មិនបានសុំផ្អាកការសន្ទនាសិន។លោកវ៉ាន់ សាវុទ្ធនាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវប្រចាំស្នាក់ការគំរូអ្នកសារព័ត៌មានបានសុំការបំភ្លឺតាមទូរស័ព្ទ។ទូរស័ព្ទចូលលោកបានលើកទូរស័ព្ទហើយប៉ុន្តែលោកចុចផ្ដាច់ទូរស័ព្ទទៅវិញ។លោកសាំង វង្សសំរិត(ហុង ដា)នាយសង្កាត់រដ្ឋបាលកំពង់ក្ដីប្រចាំស្នាក់ការសាលាអ្នកសារព័ត៌មានបានបញ្ជូនសំនួរតាមប្រព័ន្ធតេលេក្រាមលោកចូលមើលហើយប៉ុន្តែគ្មានការឆ្លើយបំភ្លឺ។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់លោកទៀ គឹមសុទ្ធប្រធានកសិកម្មនិងរុក្ខាប្រមាញ់ខេត្តសៀមរាបលោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបលោកស៊ុន គង់ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបនិងលោកលី សុភាពនាយការិយាល័យបរិស្ថានខេត្តសៀមរាបមេត្តាចង្អុលបង្ហាញមន្ត្រីក្រោមឱវាទរបស់ខ្លួនអោយអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនជៀសវាងការរិះគន់ថាជាមន្ត្រីដេកចាំបើកតែប្រាក់ខែធ្វើអោយគ្មានតុល្យភាពការចំណាយថវិកាជាតិចំពោះមន្ត្រីរបស់ខ្លួន៕
ស្រុកជីក្រែង(អ៊ុក ផ្លុង)