កិច្ចប្រជុំពិភាក្សានិងឆ្លងផែនការហ្វឹកហ្វឺននិងផែនការយុទ្ធដំណើរទ័ពរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ ៖ ឧត្តមសេនីយ៍ សោម ស៊ុន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សានិងឆ្លងផែនការហ្វឹកហ្វឺននិងផែនការយុទ្ធដំណើរទ័ព ជូនមេបញ្ជាការកងឯកភាព និងស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ ដើម្បីសុំការអនុម័តពីឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៤ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះក្នុងគោលបំណង ធ្វើការប្រុងប្រៀបមធ្យោបាយ សម្ភារៈ កងកម្លាំង និងគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីធានាឲ្យការហ្វឹកហ្វឺន និងធ្វើយុទ្ធដំណើរទ័ព ឲ្យទទួលបានជោគជ័យ ក្នុងនោះលោកវរសេនីយ៍ទោ សេង ប៊ុនណាត នាយការិយាល័យហ្វឹកហ្វឺន បានរាយការណ៍អំពីផែនការហ្វឹកហ្វឺន និងផែនការយុទ្ធដំណើរទ័ព លើចម្ងាយផ្លូវប្រវែង២២ គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់តំបន់ខ្ពង់រាប វាលរាប ព្រៃរបោះ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្គ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយត្រូវប្រើប្រាស់រយៈពេល១យប់ ពីរថ្ងៃ ដោយមានសំដែងយុទ្ធវិធីប្រយុទ្ធបន្ទាន់ថ្នាក់កងអនុសេនាតូចផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តន៍តាមផែនការហ្វឹកហ្វឺនពាក់កណ្ដាលរៀបរយ ដោយម្ចាស់ការប្រចាំឆ្នាំ២០២២ របស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងដើម្បីពង្រឹងកាយសម្បទារឹងមាំរបស់កងទ័ព ឲ្យបានស្ទាត់ជំនាញក្នុងយុទ្ធវិធី វាយប្រយុទ្ធបន្ទាន់ក្នុងពេលយុទ្ឋដំណើរទ័ព តាមផែនការ ដែលថ្នាក់លើបានប្រគល់ជូនឲ្យទទួលបានជោគជ័យ មេបញ្ជាការគ្រប់កងឯកភាព និងបណ្ដាស្ថាប័នការិយាល័យជំនាញ ត្រូវប្រុងប្រៀបតាមភារកិច្ចរៀងៗខ្លួន អំពីកម្មវិធីហ្វឹកហ្វឺន កម្មវិធីយុទ្ធដំណើរទ័ព សមាសភាពត្រូវចូលរួម និងកិច្ចការធានាផ្សេងៗឲ្យបានគ្រប់គ្រាន់ ដោយត្រូវប្រើប្រាស់ពេលវេលារួមរយៈពេល៨ថ្ងៃ គិតទាំងថ្ងៃហ្វឹកហ្វឺននិងថ្ងៃយុទ្ធដំណើរទ័ព ដើម្បីសុំការអនុម័តយល់ព្រមពីឯកឧត្តមមេបញ្ជាការយោភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា មេបញ្ជាការគ្រប់កងឯកភាព ត្រូវរៀបចំកងកម្លាំង ដើម្បីចូលរួមហ្វឹកហ្វឺន និងយុទ្ធដំណើរទ័ព តាមផែនការគ្រោងទុក្ខឲ្យបានហ្មត់ចត់ នឹងត្រូវអប់រំពង្រឹងតួនាទីភារកិច្ច វិន័យ របស់កងយោធពលខេមរភូមិន្ទ ក្នុងពេលយុទ្ធដំណើរទ័ព និងអនុវត្តឲ្យបានត្រឹមត្រូវតាមផែនការយុទ្ធវិធីប្រយុទ្ធបន្ទាន់ក្នុងពេលយុទ្ធដំណើរទ័ពឲ្យទទួលបានជោគជ័យ៕
ដោយ ប៊ុន រដ្ឋា