ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល និងណែនាំកិច្ចការសំខាន់ៗជាមួយថ្នាក់ដឹកនាំផែនការងារចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះដែរ ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការកោតសរសើរដល់មន្ត្រីភាគច្រើនបានចូលរួមអនុវត្តការងារ បំពេញតួនាទីភារកិច្ច ក្នុងការសម្រួលចរាចរណ៍ ធ្វើសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ គណប្រតិភូជាតិ អន្តរជាតិ ប្រជាពលរដ្ឋ បានយ៉ាងល្អ លើកលែងមន្ត្រីតិចតួចដែលអនុវត្តមិនបានត្រឹមត្រូវ ហើយមន្ត្រីទាំងនោះ ក៏បានដកមកបញ្ឍរជើង ដកសក្តិ ធ្វើកិច្ចសន្យា ណែនាំអប់រំ រួចហើយដែរនាពេលកន្លងមកនេះ ។ឧត្តមសេនីយ៍ឯក ស ថេត បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗជាច្រើនចំណុចដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃផែនការងារចរាចរណ៍ ដូចជា ពង្រឹងអំពីរបៀបរបបការងារ ពង្រឹងអំពីសំណុំរឿងករណីគ្រោះថ្នាក់ដោះស្រាយឲ្យមានតម្លាភាព និងត្រឹមត្រូវតាមច្បាប់ ពង្រឹងលើសុជីវធម៌ សីលធម៌របស់មន្ត្រីអនុវត្តច្បាប់ ដូចជាការប្រើប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ ធ្វើការសហការជាមួយសាខាគយខណ្ឌ ដើម្បីប្រគល់រថយន្តអត់ពន្ធដែលសមត្ថកិច្ចឃាត់បាន ។សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះមានការចូលរួម ពីលោកស្នងការរង លោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកអធិការរងទទួលផែនការងារនគរបាលចរាចរណ៍ខណ្ឌទាំង១៤ និងលោកប្រធានក្រុមគោលដៅ បញ្ជាចរាចរណ៍ទាំងអស់ សរុបចំនួន ៨៣ ៕