​ប្រជាពលរដ្ឋ​នាំគ្នា​ឡើង​មកសុំ​កិច្ច​អន្តរាគមន៍​នៅមុខ​សាលាស្រុក​ព្រៃឈរ​

0

​កំពង់ចាម​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​មួយរយ​នាក់​ខ្លះ​ជិះ​រថយន្ត ខ្លះ​ជិះ​ម៉ូតូ និង​ខ្លះទៀត​ជិះ​គោយន្ត​ឆ្នៃ ទៅ​ជួបប្រជុំគ្នា នៅ​សាលាស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ដើម្បី ស្នើសុំ​ឱ្យមាន​កិច្ច​អន្តរាគមន៍​ក្នុងការ​ជ្រើសរើស​មេភូមិ​ឡើងវិញ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ ។ អាជ្ញាធរ​ស្រុក​បាន​ចេញមក​ទទួល​សំណូមពរ និង​សន្យាថា​នឹង​ចុះទៅ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ​នៅ​សប្តាហ៍​ក្រោយ​។​
​អភិបាលស្រុក​ព្រៃឈរ លោក ទេព រៀម​មុន្នី ដែល​ចុះ​មកជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ទាំងនោះ​មានប្រសាសន៍ថា លោក​មិន​បានដឹង​ច្បាស់​ថា​តើ​និតិ​វិធី​របស់​អាជ្ញាធរ​ឃុំ​នៅពេល​ជ្រើសរើស​មេភូមិ​កេះ ថ្មី នោះ​យ៉ាងណាទេ បានជា​ធ្វើ​ប្រជាពលរដ្ឋ​ជាច្រើន​មិន​សប្បាយចិត្ត និង​នៅតែ​ប្រកែក​មិន​ព្រម​ទទួលស្គាល់​នោះ​។DSC02246

លោក​បន្ថែមថា អ្វីដែល​ពលរដ្ឋ​ចង់បាន គឺ​ត្រូវ​ជ្រើសរើស​មេភូមិ​ណា​ដែល​ពលរដ្ឋ​ភាគច្រើន​ពេញចិត្ត ហើយ​លោក​ក៏​ឯកភាព​ចំពោះ​ចំណុច​នេះដែរ ពីព្រោះ​វា​ជា​ចំណុច​ដ៏​ល្អ​មួយ ដោយ​លោក​ថា​នឹង​អាចមាន​ការជ្រើសរើស​មេ​ភូមិ​ថ្មី​តម្រូវ​តាមចិត្ត​របស់​ពួកគាត់​។​
​លោក​អភិបាល​បន្តទៀតថា ត្បិតតែ​ពលរដ្ឋ​ទាំងនោះ​មិនមាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេភូមិ​ដោយផ្ទាល់​ក៏ដោយចុះ ប៉ុន្តែ​ពួកគាត់​ក៏​អាច​មានមតិ​លើកឡើង​ពី​បេក្ខជន​ជា​មេភូមិ​ណា​ដែល​ពួកគាត់​ពេញចិត្ត​នោះបាន​ដែរ ។

ពលរដ្ឋ​បាន​ស្តាប់​នូវ​ការណែនាំ​ពី​សំណាក់​អភិបាលស្រុក​រួច ពួកគាត់​យល់ព្រម​នាំគ្នា​ត្រឡប់មកផ្ទះ​វិញ នៅ​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក ដោយ​រងចាំ​ការចុះទៅ​ដោះស្រាយ​របស់​អាជ្ញាធរ​ស្រុក​តាម​ការសន្យា ។
​លោក ផា ភារៈ ជា​ប្រជាពលរដ្ឋ​ភូមិ​កេះ​បាន​បញ្ជាក់ថា ពួកគាត់​សម្រេចចិត្ត​ឡើងមក​សាលាស្រុក​នោះ គឺ​ចង់ឱ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់ ដោយសារតែ​ពួកគាត់​មិនអាច​ទទួលយក​មេភូមិ​ថ្មី​ដែល​អាជ្ញាធរ​ឃុំ​បានសម្រេច​ជ្រើសរើស កាលពី​ខែសីហា នោះបាន​ឡើយ ។ លោក​បន្តថា ពលរដ្ឋ​អាច​ទទួលយក​ការសន្យា​របស់​អាជ្ញាធរ​ស្រុក​បាន ប៉ុន្តែ​ពួកគាត់​មិនទាន់​ជឿជាក់​ទាំងស្រុង​នោះទេ ពីព្រោះ​កន្លងមក​ការសន្យា​របស់​អាជ្ញាធរ​ឃុំ​បានធ្វើឱ្យ​ពួកគាត់​ខកចិត្ត​ម្តង​រួចមកហើយ ។

ចំណែក​អ្នកស្រី សេង ឃីម វិញ យល់ថា ប្រសិនបើ​រើស​មេភូមិ​មក​បម្រើ​ពលរដ្ឋ ដោយ ភាគច្រើន​នៃ​ពលរដ្ឋ​ទាំងអស់​មិន​ពេញចិត្ត​ហើយ អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​នៅក្នុង​ស្រុកភូមិ​មិនចេះចប់​មិនចេះហើយ​ជាក់​ជាមិនខាន ៕ phon sokcheatDSC02249