អាជ្ញាធរខេត្តព្រះវិហារកម្ពុជា បង្កើនការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរខេត្តឧប៊ុនរាជធានីថៃ តាមរយៈការប្រកួតកីឡាជាមិត្តភាព ដើម្បីលើកកម្ពស់សុខភាព និងការរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរកម្ពុជា-ថៃ

0

ខេត្តព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ​ លោក គីម រិទ្ធី បានដឹកនាំគណៈប្រតិភូខេត្តព្រះវិហារ កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគី ស្តីពីការទំនាក់ទំនងការអភិវឌ្ឍ កម្ពុជា-ថៃ នៅខេត្តឧប៊ុនរាជធានី ថៃ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ឱ្យបានកាន់តែរឹងមាំថែមទៀត ។

កិច្ចប្រជុំទ្វេភាគីដែលបានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តឧប៊ុនរាជធានី ថៃ នោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣  ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ,មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ,ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខតារា  ,ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជំនាញរបស់ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ។

ចំណែក គណៈប្រតិភូខេត្តឧប៊ុនរាជធានី ថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ វីរៈយុទ្ធរ៉ាក់ឈីប មេបញ្ជាការកងកម្លាំងសុរនារី ,លោក សំភីត សយសាក់គូ អភិបាលរងខេត្តឧប៊ុនរាជធានី ,មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងគណៈប្រតិភូអមដំណើរ ខេត្តឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃឡង់ ផងដែរ។

នៅក្នុងឱកាសនោះផងទៀត អភិបាលខេត្តព្រះវិហារ កម្ពុជា លោក គីម រិទ្ធី រួមទាំងគណៈប្រតិភូកម្ពុជា បានជួបសំណេះសំណាល ជាមួយសិស្ស និស្សិតកម្ពុជា ដែលបានទទួលអាហាររូបករណ៍ មកពីបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យរាចាផាត់ ខេត្តឧប៊ុនរាជធានី ព្រមទាំងបានបង្ហាញពីវឌ្ឍន:ភាព ស្ថានភាព ទិដ្ឋភាពនៃការអភិវឌ្ឍនានា របស់ប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន ដល់ក្មួយៗសិស្ស និស្សិត ថែមទៀតផង។

អភិបាលខេត្តព្រះវិហារ កម្ពុជា លោក គីម រិទ្ធី​ បានជំរុញសិស្ស និស្សិតទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងសិក្សា ដើម្បីជាប្រយោជន៍ក្នុងការសម្រេចលើជោគវាសនាខ្លួន និងបម្រើឲ្យបុព្វហេតុប្រទេសជាតិ ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ ក្នុងម្លប់នៃសុខសន្តិភាពយ៉ាងពេញលេញ។

បន្ទាប់ លោកអភិបាលខេត្តព្រះវិហារ កម្ពុជា បានចូលរួមប្រកួតកីឡាបាល់ទាត់ជាមិត្តភាព ដើម្បីជំរុញការរឹតចំណងមិត្តភាព សាមគ្គីភាព ការពង្រឹងកិច្ចទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃឡង់ ។

គណៈប្រតិភូកម្ពុជា នាគ្រានោះ ក៏បានទស្សនាការសម្តែងសិល្បៈរួមគ្នារវាង សិស្ស និស្សិតកម្ពុជា និងសិស្ស និស្សិតថៃ ដើម្បីចែករំលែកវប្បធម៌គ្នាទៅវិញទៅមក ផងដែរ៕ដោយ៖ឡុង សំបូរ