លោក អ៊ុត វណ្ណរ៉ា អញ្ជើញជាអធិបតីបើកគម្រោងសាងសង់ផ្លូវបេតុងអាមេ របស់មូលនិធិឃុំឆ្នាំ២០២២ និងចុះសួរទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ

0

(កំពង់ធំ)÷ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ក្រុមការងារថ្នាក់ស្រុក អាជ្ញាធរឃុំភូមិ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមកម្មវិធីបើកគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង១.១០០ ម៉ែត្រទទឹង០៥ម៉ែត កម្រាស់០.១៥ម៉ែត្រ របស់មូលនិធិឃុំឆ្នាំ២០២២ និងចុះសួរទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ថិតនៅភូមិមង្គលស្លា ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះ លោកអភិបាលស្រុកកំពង់ស្វាយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមាន ស្មារតីភ្ញាក់រឭក ក្នុងការសហការជាមួយរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដើម្បីបានសាងសង់ផ្លូវបេតុងអាមេប្រវែង១.១០០ ម៉ែត្រទទឹង០៥ម៉ែត កម្រាស់០.១៥ម៉ែត្រ របស់មូលនិធិឃុំឆ្នាំ២០២២ ដើម្បីមានសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនជាពលរដ្ឋ។ជាមួយគ្នានេះដែរលោកអភិបាលស្រុក ក៏បានណែនាំដល់រដ្ឋបាលឃុំដំរីស្កាប់ ត្រូវធ្វើសេចក្ដីណែនាំ និងជូនដំណឹងឲ្យបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅសងខាងផ្លូវនេះ ប្រសិនបើមានបញ្ហាប៉ះចំដីបងប្អូនប្រជាពលរដ្ឋ សូមរាយការណ៍ជាបន្ទាន់មករដ្ឋបាលស្រុក ដើម្បីធ្វើការដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា។ លោកអភិបាលស្រុកក៏បានបន្តទៀតថា ដោយសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្នុងឃុំ និងបានធ្វើចំណាកស្រុក ក្នុងចូលរួមចំណែកផ្ដល់ជាស្បៀងអាហារ ដើម្បីដោះស្រាយនូវជីវភាពដល់ពួកគាត់បានមួយកម្រិតផងដែរ។លើសពីនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមស្វាគមន៍យ៉ាងក្រៃលែងបំផុត ដែលលោកអភិបាលស្រុក មានការយកចិត្តទុកដាក់ ក្នុងការសហការជាមួយជំនាញពាក់ព័ន្ធដើម្បី កសាងផ្លូវបេតុងអាមេនេះឲ្យបានចេញរូបរាងឆាប់ៗ ឲ្យពួកគាត់បានប្រើប្រាស់និងដឹកជញ្ជូនកសិផលបានឆាប់រហ័ស ព្រមទាំងបានផ្ដល់ជាស្បៀងអាហារដល់គ្រួសារដល់ងាយរងគ្រោះឲ្យពួកគាត់ ក្នុងការដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។