ផ្លូវលំដែលរងគ្រោះដោយទឹកជំនន់ កំពុងជួសជុលប្រវែងប្រមាណ៤០០ម៉ែត្រ ចំណាយថវិកាអស់៦.៣០០.០០០រៀល ស្ថិតនៅភូមិទឹកអណ្ដូង ឃុំឈូក

0

   (កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឃួន សុវណ្ណ ឧត្តមប្រឹក្សាសម្ដេចព្រះមហាសង្ឃរាជ្យ ទេព វង្ស និងព្រះភិក្ខុដ្ឋានវេជ្ជធម្មោ ឃិន រ៉ាវីត ព្រះប្រធានសមាគមប្រជាជនសន្តិភាពនៃកម្ពុជា ព្រមទាំងរដ្ឋបាលឃុំឈូក បានចុះពិនិត្យផ្លូវលំដែលបានកំពុងជួសជុលប្រវែងប្រមាណ៤០០ម៉ែត្រ ចំណាយថវិកាអស់៦.៣០០.០០០រៀលស្ថិតនៅភូមិទឹកអណ្ដូង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។

   លោក ហ៊ុយ គឹមលី មេឃុំឈូក បានលើកឡើងពីបញ្ហាទឹកជំនន់កន្លងមកបានលិចភូមិចំនួន១២ភូមិ ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង ពិសេសផ្លូវលំខូចខាតដាច់ជាច្រើនកន្លែង ប៉ះពាល់លំនៅឋាន លិចលង់ស្រូវរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនហិចតា ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានការកកស្ទះជាច្រើនខែ។ ពេលទឹកស្រក់ទៅវិញក្រុមការងារចុះជួយឃុំឈូកទាំងអស់ក៏បានសហការគ្នាជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។

   ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក៏បានមានប្រសាសន៍ ដោយមានគ្រោះមហន្តរាយទឹកជំនន់មានការខូចខាតចំនួន៥ឃុំ រងគ្រោះធ្ងន់ជាងគេគឺឃុំឈូកព្រោះភូមិសាស្ត្រជាប់នឹងមាត់ស្ទឹងសែន។ គ្រោះទឹកជំនន់ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែង សត្វពាហនៈ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានប៉ះពាល់ការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។       ឯកឧត្តមបានបន្តទៀតថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ឱ្យក្រុមការងារចុះជួយឃុំឈូក ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រផ្លូវលំមួយខ្សែដែលខូចខាតដោយទឹកជំនន់ ដើម្បីដោះស្រាយ និងជួសជុលផ្លូវឡើងវិញ ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ក្នុងនោះការសហការគ្នាជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ បានដោះស្រាយជាបណ្ដើរៗហើយ ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពរ ពិសេសគឺមានថវិកាពីសប្បុរសជន និងទឹកចិត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។      ឯកឧត្តមក៏បានកោតសរសើរដល់អាជ្ញាធរ និងរដ្ឋបាលឃុំ មានការចូលរួមចំណែកបង្ហាញពីការរួមសុខរួមទុក្ខជាមួយគ្នា ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការលើកស្ទួយសហគមន៍ ឱ្យមានការរីកចម្រើន។ សូមឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះជួយឃុំឈូកទាំងអស់ និងសប្បុរសជន សហការគ្នាដោះស្រាយក្នុងការជួសជុលផ្លូវលំមួយខ្សែនេះ ជូនបងប្អូនប្រជាពលរដ្ឋកំពុងតែធ្វើដំណើរនាពេលនេះ ក្នុងការការពារសុវត្ថិភាពជូនពួកគាត់គ្រប់ពេលវេលា។