អភិបាលរងខេត្តកំពង់ធំ អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់

0

(កំពង់ធំ)៖ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្ត ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំ យុវជននិងកីឡា នៅមណ្ឌលប្រឡងសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារបានចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ចំពោះការប្រឡងយកសញ្ញាបត្រនេះមានភាពត្រឹមត្រូវ និងយុត្តិធម៌ បេក្ខជនទាំងអស់ត្រូវតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យហិបបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព អព្យាក្រឹត និងលទ្ធផលទទួលយកបានសម្រាប់បេក្ខជន ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់មេត្តាបំពេញភារកិច្ចរបស់ខ្លួន ក្នុងពេលប្រឡងរយៈពេល០២ថ្ងៃនេះប្រកបដោយភាពជោគជ័យ ក្នុងការសរសេរ និងបញ្ចេញមតិយោបល់របស់ខ្លួន។ ចំពោះបេក្ខជនដែលមកប្រឡងប្រសិនបើសុខភាពមិនល្អ ឬក៏មានបញ្ហាសូមរាយការណ៍មកគណៈកម្មការ ឬអនុរក្សនៅក្នុងបន្ទប់ ដើម្បីផ្តល់ដំណឹងទៅគ្រូពេទ្យមកជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។ សូមជូនពរដល់បេក្ខជនទាំងអស់ សម្រេចកិច្ចការងាររបស់ខ្លួនឲ្យបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)បាននិទ្ទេសល្អគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ធំ មាន ១២មណ្ឌលប្រឡង ស្មើនឹង២២១បន្ទប់ ក្នុងនោះមានផ្នែកវិទ្យាសាស្ត្រមាន២មណ្ឌល ស្មើនឹង៥២បន្ទប់ មានបេក្ខជនសរុប១៣០០នាក់ ស្រី៧៧៨នាក់។ ផ្នែកវិទ្យាសាស្ត្រសង្គម មាន១០មណ្ឌល ស្មើនឹង១៦៩បន្ទប់ បេក្ខជនសរុប ៤២២៤នាក់ ស្រី២២៨៤នាក់ មកពី២៥វិទ្យាល័យទូទាំងខេត្តកំពង់ធំ។ ចំណែកឯមណ្ឌលសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ មាន២១បន្ទប់ បេក្ខជនសរុប៥២៥នាក់ ស្រី៣០៧នាក់។