ខេត្តសៀមរាប៖ សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២២នេះ ខេត្តសៀមរាប មានបេក្ខជនចូលរួមសរុបចំនួន ១០,៣៧៤នាក់ ក្នុងនោះស្រី ៥,៩៣១នាក់ និងបានបែងចែកជា ១៤មណ្ឌលប្រឡង ក្នុងក្រុងសៀមរាប។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែធ្នូនេះដែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលខេត្ត មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញជួបលោកគ្រូអ្នកគ្រូនៅតាមមណ្ឌលទាំង១៤ ដើម្បីពិនិត្យពីស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡង និងអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសារ ដែលបង្ហាញពីតម្លាភាព និងការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំក្នុងខេត្ត។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់បេក្ខជនទាំងអស់ គោរពតាមបទបញ្ជា និងការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងមានបញ្ហាផ្សេងៗ ដែលប៉ះពាល់ដល់លទ្ធផលនៃការប្រឡង។ ឯកឧត្តមបន្ថែមថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិតចំណេះដឹងរបស់ក្មួយៗ សម្រាប់ឈានទៅកម្រិតបន្ត ដើមី្បសម្រួចចំណេះដឹង ធានានូវគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស និងក្លាយជាទំពាំងស្នងឫសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត។
ឯកឧត្តម ក៏បានអំពាវនាវដល់ក្មួយៗបេក្ខជនទាំងអស់ នៅពេលបើកបរ ត្រូវពាក់មួកសុវត្ថិភាព ឱ្យបានគ្រប់ពេលវេលា ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រមចៀសវាងទទួលទានគ្រឿងស្រវឹង និងប្រើប្រាស់គ្រឿងញៀន ដែលវាបង្កឱ្យប៉ះពាល់ដល់សុខភាព និងអនាគត។
សូមជម្រាបជូនថា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ ការប្រមធ្យមសិក្សាទុតិយភូមិបែងចែកជា ២ផ្នែក ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣,២៣៤នាក់ ស្រី ២,០៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន ៩មណ្ឌល មាន២៩០បន្ទប់ មានចំនួន៧,១៤០នាក់ ស្រី៣,៨៨០នាក់៕






































