អាជ្ញាធរខេត្តព្រះវិហារ និងក្រុមហ៊ុនទិញស្រូវអង្ករសរីរាង្គ បានប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកនូវការលក់ និងការទទួលប្រមូលទិញស្រូវសរីរាង្គ ពីសហគមន៍កសិកម្ម នាំចេញទៅលក់នៅទីផ្សារអ៊ឺរ៉ុប ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការរក្សាតម្លៃស្រូវកុំឲ្យធ្លាក់ចុះ

0

ខេត្តព្រះវិហារ៖ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការរក្សាតម្លៃស្រូវមិនឲ្យធ្លាក់ចុះ និងដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករនៅក្នុងខេត្ត អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងអគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ លោកឧកញ៉ា សុង សារ៉ន ដែលជាក្រុមហ៊ុនទិញស្រូវអង្ករសរីរាង្គ បានប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកនូវការលក់ និងការទទួលប្រមូលទិញស្រូវសរីរាង្គ ពីសហគមន៍កសិកម្មនៅក្នុងខេត្ត ដើម្បីនាំចេញយកទៅលក់នៅលើទីផ្សារអ៊ឺរ៉ុប តាមកិច្ចព្រមព្រៀងរួមគ្នា ដែលបានចុះកិច្ចសន្យារួចមក។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងអគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ លោកឧកញ៉ា សុង សារ៉ន រួមទាំងនាយករដ្ឋបាលខេត្ត មន្ត្រីជំនាញខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងប្រតិភូក្រុមហ៊ុនអេមរុរាយស៍ បានជួបពិភាក្សាការងាររួមគ្នា លើការលក់ និងការទទួលប្រមូលទិញស្រូវអង្ករសរីរាង្គ ពីសហគមន៍កសិកម្មនៅក្នុងខេត្ត ដើម្បីនាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុប។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ធ្នូ២០២២ ​នៅសាលាខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដោយសម្តែងនូវការសាទរ ចំពោះក្រុមហ៊ុនអេមរុរាយស៍ ដែលបានគាំទ្រលើការប្រមូលទិញ និងចុះកិច្ចសន្យាប្រមូលទិញស្រូវសរីរាង្គ ពីសហគមន៍កសិកម្ម ទៅលក់នៅទីផ្សារអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១៤ នោះមក។ លោកថា នៅក្នុងឆ្នាំ២០២២នេះ សហគមន៍កសិកម្ម និងក្រុមហ៊ុនទិញស្រូវអង្ករសរីរាង្គ នៅតែបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ថែមទៀត ក្នុងការគាំទ្រលើកិច្ចសន្យា ដែលមានរួចមកហើយនេះ។

លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ខេត្តព្រះវិហារ មានសហគមន៍កសិកម្មរចំនួន ២១ ដែលបានផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ក្នុងបរិមាណជាង ១៩លានតោន លើផ្ទៃដីសរុប ១១ពាន់ ១៧៩ហិកតា និងមានកសិករផលិតស្រូវសរីរាង្គសរុប ២ពាន់ ៨៧២ គ្រួសារ។ លោកថា ទាំងនេះពិតជាបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាកសិករនៅក្នុងខេត្តព្រះវិហារ ឲ្យកាន់ប្រសើរឡើង ។

អគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ លោកឧកញ៉ា សុង សារ៉ន បានថ្លែង ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកនូវការទទួលប្រមូលទិញស្រូវសរីរាង្គ នៅក្នុងខេត្តព្រះវិហារ បន្ថែមទៀត ជាមួយសហគមន៍កសិកម្ម ហើយក្រុមហ៊ុននឹងទទួលទិញស្រូវពីកសិករចំនួន ៥ពាន់តោន បន្ថែមទៀត លើសពីកិច្ចសន្យាដែលមានស្រាប់ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការរក្សាតម្លៃស្រូវកុំឲ្យចុះថ្លៃ ។

ប្រធានមន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ សហគមន៍កសិកម្មទាំង២១ បានផ្គត់ផ្គង់ស្រូវជូនក្រុមហ៊ុនប្រមាណ ១ម៉ឺនតោន ស្មើនឹងជាង ៥០ភាគរយ នៃកិច្ចសន្យា ដែលបានចុះកន្លងមក។

លោក ពឹង ទ្រីដា ក៏នៅបានបញ្ជាក់ទៀតថា  ជាងនេះទៀត ក្រុមហ៊ុនក៏មានកុលសម្ព័ន្ធមួយឈ្មោះថា (ក្រុមសាជីវកម្មសហគមន៍កសិកម្ម) បានចុះកិច្ចសន្យា ជាមួយសហគមន៍កសិកម្ម ទៅលើផលិតផលដំឡូងមីសរីរាង្គស្រស់ ដោយនៅឆ្នាំ២០២២ នេះ មានសហគមន៍កសិកម្មចំនួន ១០ បានបន្តចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ដំឡូងមីសរីរាង្គស្រស់ ជូនក្រុមហ៊ុនប្រមាណជាង ៦ពាន់តោន លើផ្ទៃដី ៤ពាន់ ២៣៥ហិកតា និងមានកសិករផលិតដំឡូងមីសរីរាង្គស្រស់នេះ ចំនួន ១ពាន់ ៤១១ គ្រួសារ ផងដែរ៕ ដោយ៖ឡុង សំបូរ