អ្នកម៉ៅការសាងសង់សំណង់ម្នាក់ ត្រូវបានម្ចាស់ប្តឹងប្តល់ទៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង ពីបទរំលោភលើសេចក្តីទុកចិត្ត ក្រោយពីអ្នកម៉ៅការរូបនោះបានទទួលការសាងសង់ សំណង់ មិនតាមលក្ខណៈបច្ចេកទេស គ្មានគុណភាព ផ្ទុយពីកិច្ចសន្យា ។
តំណាងម្ចាស់សំណង់ និងជាដើមបណ្តឹង ប្តឹងអ្នកម៉ៅការសំណង់ អ្នកស្រី ម៉េង លីហួ បាន អោយដឹងថា អ្នកម៉ៅការសំណង់ខាងលើ មានឈ្មោះ ទិត្យ សុធី ភេទប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ គង់ សុធារី មានទីលំនៅ ភូមិផ្ទះខ្ពស់ ឃុំតារ៉ង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានម៉ៅការ សាងសង់សំណង់ក្លិបក្រោមដីមានឈ្មោះ SK CLUB ដែលមានទីតាំងនៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជាកម្មសិទ្ធិរបស់ម្តាយមីង និងជីដូនរបស់ ឈ្មោះ ម៉េង លីហួ ។ ការទទួលម៉ៅការសាងសង់នេះ អ្នកម៉ៅការ ទិត្យ សុធី បានទទួលការអនុញ្ញាតិពីភូមិបាលក្រុង សុរិយោដីខេត្ត និងច្រកចេញចូលតែមួយ ព្រមទាំងមានកិច្ចសន្យា សាងសង់ត្រឹមត្រូវជាមួយម្ចាស់សំណង់ ធានាលើលក្ខណៈបច្ចេកទេស និងគុណភាព ហើយធា នាជួសជុលឡើងវិញក្នុងរយៈពេល២ឆ្នាំ ។ ក្រោយការសាងសង់សំណង់រួច ដោយពិនិត្យឃើញថាមិនមានលក្ខណៈត្រឹមត្រូវតាមកិច្ចសន្យា ម្ចាស់សំណង់ បានហៅអ្នកម៉ៅការទិត្យ សុធី មកពិនិត្យ និងកែកុនតាមកិច្ចសន្យាបែរជាឈ្មោះ ទិត្យ សុធី រលាស់ដៃចេញមិនទទួលខុសត្រូវទៅវិញ ធ្វើអោយម្ចាស់សំណង់ខាតបង់ថវិកា និងពេលវេលារកស៊ីយ៉ាងខ្លាំង ទើបឈានដល់ការប្តឹងប្តល់បែបនេះ៕


