ខេត្តកំពង់ឆ្នាំង
យុវជនម្នាក់ដែលជាអ្នកបម្រើការងារនៅផ្ទះ របស់មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ផ្កាយ២នាពេលនេះ កំពុងតែមានសភាពធ្ងន់ធ្ងរ ស្រែកថ្ងូរឈឺសព្វពេញទាំងខ្លួន និងមានការៈពឺតក្បាលយ៉ាងខ្លាំង ក្រោយពីត្រូវម្ចាស់ផ្ទះបានបណ្តេញចេញពីផ្ទះ និងស្រែកថាចោរ ហើយមានគេព្រួតវាយសំពងនៅពេលនេះ បានមកដល់ខេត្តកំពង់ឆ្នាំងហើយ ដោយមានគ្រូពេទ្យបានធ្វើការព្យាបាលយ៉ាងយកចិត្តទុកដាក់ ។
យុវជនរូបនេះមានឈ្មោះ នី វណ្ណឌី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ដោយសារតែជីវភាពក្រីក្រ យុវជនរូបនេះ បានចាកចេញពីស្រុកកំណើត ទៅស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ យុវជនរូបនេះ ត្រូវម្ចាស់ផ្ទះ ដែលជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ និងភរិយាបានបណ្តេញចេញពីផ្ទះ ដោយបានចោទថា បានលួចអាវមួយ និងត្រូវមនុស្សមួយក្រុមព្រួតគ្នាវាយ បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតសន្លប់បាត់ស្មារតី ។
ដែលករណីនេះ កើតឡើងនៅចំណុចផ្ទះគ្មានលេខ ក្រុមទី១៧ ភូមិ២ ផ្លូវ១៨៥Z ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពបានបញ្ជាក់អោយដឹងទៀតថា ក្រោយពីធ្វើការបណ្តេញចេញពីផ្ទះ និងមាន ការវាយទៅលើយុវជនរងគ្រោះ ជាកូនឈ្នួលនៅខាងមុខផ្ទះរួចហើយ ប្រពន្ធរបស់លោកឧត្តមសេនីយ៍ទោជាម្ចាស់ផ្ទះ ក៏បានទូរស័ព្ទប្តឹងទៅកម្លាំងនគរបាលប៉ុស្តិទំនប់ទឹក អោយទៅផ្ទះរបស់គាត់ ដើម្បីដាក់ពាក្យបណ្តឹង ។ យុវជនរងគ្រោះត្រូវបានម្ចាស់ផ្ទះចោទថា បានលួចអាវមួយតម្លៃ២០០ដូល្លា ។
ប្រភពបានបន្តទៀតថា ក្រោយពីទទួលការរៀបរាប់ពីម្ចាស់ផ្ទះ អំពីការមិនទុកចិត្ត ចំពោះយុវជនរងគ្រោះហើយ កម្លាំងនគរបាល បានជិះម៉ូតូទៅតាមមើល ។ ពេលជិះម៉ូតូទៅដល់ខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក៏បានប្រទះឃើញយុវជនរងគ្រោះ ត្រូវជនមួយក្រុម ចោមរោមវាយ ក្រោយពីមានអ្នកផ្ទះរបស់លោកឧត្តមសេនីយ៍ បានស្រែកថាចោៗ ។
នៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង បងស្រីបង្កើតរបស់ជនរងគ្រោះ បានប្រាប់អោយដឹងថា ប្អូនប្រុសរបស់នាង មានបញ្ហាជាមួយនិងម្ចាស់ផ្ទះ ហើយត្រូវគេបណ្តេញចេញ ។ ហើយបន្ទាប់ពីដើរចេញពីផ្ទះនោះបានប្រហែល៥០ម៉ែត្រ ស្រាប់តែមានមនុស្សមួយក្រុម មកព្រួតវាយរូបគេតែម្តង រហូតសន្លប់បាត់ស្មារតី ក្រោយពីដឹងខ្លួន គឺប្អូនរបស់ខ្លួននៅក្នុងមន្ទីរពេទ្យរុស្ស៊ីទៅវិញ ។
ក្រោយពីបានធូស្រាលបន្តិច អ្នកនៅក្នុងមន្ទីរពេទ្យ បានរៃលុយគ្នា អោយប្អូនរបស់នាង ធ្វើជាសោហ៊ុយ សម្រាប់ធ្វើដំណើរមកកាន់ស្រុកកំណើត ។
ប៉ុន្មានថ្ងៃនេះ ប្អូនប្រុសរបស់នាង មានអាការៈពឺតក្បាល និងឈឺចុកចាប់យ៉ាងខ្លាំង នៅត្រង់គល់ក ខាងក្រោយ ។
ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង លោក សូរិន្ទី រ៉ាវុឌ្ឍី បានអោយដឹងថា ជនរងគ្រោះមាន ការប៉ះទង្គិចខ្លាំង នៅត្រង់ក្បាល ដែលធ្វើអោយជនរងគ្រោះ មានការឈឺចុកចាប់ យ៉ាងខ្លាំង នៅត្រង់ក្បាលពីក្រោយ ៕