កំពង់ឆ្នាំង៖ឯកឧត្តមវេជ្ជបណ្ឌិតអ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកជួនដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយចំនួន១០០គ្រួសារនៅក្នុងភូមិប្រស្នឹប ឃុំប្រ ស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ អមដំណើរដោយឯកឧត្តម អ៊ុនសំអុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសា ខាកាកបាទក្រហមខេត្ត និងសមាជិកសមាជិកាសាខាកាកបាទក្រហមខេត្តជាច្រើនទៀត ។
លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖អំណោយដែលបានចែកជូនដល់ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយចំនួន១០០គ្រួសារនៅភូមិប្រស្នឹប ឃុំប្រស្នឹប ស្រុករលាប្អៀរ នៅពេលនេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជាដែលប្រជាពលរដ្ឋ ក្នុងមួយៗគ្រួសារទទួលបានអង្ក២៥គីឡូក្រាម,ឃីតមួយកញ្ចប់មាន (មុង១,ភួយ១,សារុង១,ក្រម៉ា១និងអាវយឺត១),មីយើង១កេះ, ត្រីខ១យួរ និងថវិកា៥ម៉ឺនរៀលគ្រប់ៗគ្រួសារ។
នៅក្នុងឱកាសនោះឯកឧត្តមឯកឧត្តមវេជ្ជបណ្ឌិតអ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុក្ខរបស់ សម្តេចគតិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចលោកតែងតែនឹករលឹក គិតគូរពីសុខទុក្ខ និងផលលំបាកក្នុងការរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែង នៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ គឺសម្តេចតែងផ្តល់ជូននូវអំណោយជូនដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ 
ប្រជាពលរដ្ឋគ្រប់រូបដែលបានទទួលអំណោយដ៏ថ្លៃថ្លានិងដ៏សប្បុរសទាំងអស់ខាងលើនេះ បានសម្តែងនៅទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងចំពោះសម្តេចគតិព្រឺត្តបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់និងយល់បានពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងជនក្រីក្រទុរគត៌ កុមារកំព្រា ជនពិការ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ប្រជាពលរដ្ឋទាំងអស់សូមគោរពជួនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បុត្រាបុត្រី និងបុត្រប្រសារព្រមទាំងចៅៗទាំងអស់ សូមទទួលបានជ័យជំនះឈ្នះមារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុខដុម្យរមនា និងឆ្ពោះទៅកាន់វឌ្ឍភាពដែលជាភាពសម្បូរសប្បាយរុងរឿងជារៀងរហូតតទៅអនាគត៕ ដោយផន សុខជាតិ




































