បាត់ដំបង÷ សពយុវជនម្នាក់ ត្រូវបានម្ចាស់ចម្ការដំឡូងប្រទះឃើញ ដេកស្លាប់នៅកណ្តាលចម្ការ ដោយសល់តែគ្រោងឆ្អឹង
ក្រោយពីក្រុមគ្រួសារបានអះអាងថា បានបាត់ពីផ្ទះជាង៤០ថ្ងៃ រួចមក។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងចម្ការដំឡូងក្បែជើងភ្នំវែង ក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសភាពដែលគេប្រទះឃើញគឺសល់តែគ្រោងឆ្អឹង និងបាត់ប្រអប់ជើងទាំងសងខាង ដោយបានដេកស្លាប់ក្បែនិងដុំថ្មដ៏ធំមួយ ព្រមទាំងមានបន្សល់ស្រោមដៃព៌ណខៀវ១គូ នៅលើដុំថ្មនោះផង ។
បើតាមការរៀបរាប់ពីឪពុក ម្តាយរបស់សព បានបញ្ជាក់ថា កូនប្រុសរបស់គារ់មានឈ្មោះ យន់ រីណា អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក មានមុខរបរដឹកត្រីដើរលក់តាមភូមិ និងមានគូរដំណឹងរួចហើយដែរនៅតែថ្ងៃចូលរោងការប៉ុណ្ណោះ។
លោកបានបន្តថា កូរបស់គាត់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៣១ ខែតុលា មកម្ល៉េះ ដោយមិនដឹងជាទៅទីណា ដោយឡែកម៉ូតូ លុយកាក់ និង គ្រឿងអល័ង្កា គឺកូនគាត់ទុកនៅក្នុងបន្ទប់ដេកទាំងអស់ គឺវាយកតែទូរស័ព្ទមួយគ្រឿងតាមខ្លួនប៉ុណ្ណោះប៉ុន្តែក្រោយមកក៏តេលែងចូលរហូត។ដោយឡែកនារីដែលជាគូដណ្តឹងក៏បាននិយាយថា នៅថ្ងៃទី៣១ តុលា វេលាម៉ោងជិត១២យប់ គាត់តេទៅលេងខ្លួនបានមួយភ្លែតរួចហើយក៏បាត់រហូតតែម្តង។
តាមការរៀបរាប់ពីម្ចាស់ចម្ការបានអោយដឹងថា ដោយសារតែភ្លៀងធ្លាក់ញឹកញាប់ពេកធ្វើអោយគាត់ត្រូវអាក់ខានមិនបានមកបាញ់ថ្នាំស្មៅរាប់ខែ ទើបមិនបានដឹងថាមានមនុស្សស្លាប់នៅក្នុងចម្ការបែបនេះ ហើយម៉្យាងទៀត ភូមិសាស្ត្រនេះមិនងាយអ្នកណាចូលមកដល់ណាស់ព្រោះផ្លូវតូចមានសភាពលំបាកក្នុងការធ្វើដំណើរ។
នៅក្នុងករណីនេះដែរ គេកំពុងរង់ចាំសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ប៉ុន្តែក៏មានមជ្ឈដ្ឋានមួយចំនួនបាននិយាយថា វាក៏អាចពាក់ព័ន្ធនិងអំពើឃាតកម្មដែរ ព្រោះពីទីកន្លែងកើតហេតុ ដល់ផ្ទះជនរងគ្រោះគឺមានចម្ងាយជាង២០km ដូច្នេះជនរងគ្រោះមិនអាចដើរមកដល់ទីនេះឡើយ គឺវាអាចសម្លាប់ហើយដឹកយកមកប្លុងចោលក៏អាចថាបានដែរ ប៉ុន្តែអ្វីៗត្រូវរង់ចាំការសន្និដ្ឋានរបស់សមត្ថកិច្ច ៕ អត្ថបទ : ព្រាប.ស





































