កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបករណីជួញដូរគ្រឿងញៀនជិត៩០០គីឡូក្រាមតែមិនទាន់ចាប់បានជនសង្ស័យ

0

ព្រះសីហនុ៖ កម្លាំងកងរាជអវុធហត្ថខេត្តព្រះសីហនុបានបេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមានទម្ងន់ជិត ៩០០គីឡូក្រាម។ ការបង្ក្រាបនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហន។ យ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វះស្វែងរកជនសង្ស័យក្នុងករណីជួញដូរគ្រឿងថ្ងៃនេះ។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿង ញៀនជិត៩០០គីឡូក្រាម ដោយវត្ថុតាងទាំងនោះ ត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

លោកមេបញ្ជាការបញ្ជាក់ថា ចំពោះក្រុមជនសង្ស័យកម្លាំង មន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕