បន្ទាយមានជ័យ៖នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៥ ខែធ្នូឆ្នាំ ២០២២ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានបើកសិក្ខាសាលាស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងលិខិតបទដ្ឋាន ពាក់ព័ន្ធទៅនឹងការរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការចូលរួមពីសិក្ខាកាមអាជីវករប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកមកពីតាមបណ្តាក្រុងស្រុកនិងខេត្តប្រមាណជាង៦០នាក់ ដើម្បីទទួលបានភាពស្របច្បាប់ ក្នុងការធ្វើអាជីវកម្ម។លោកលី ហងអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឲ្យដឹងថា ការរៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយបានស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងផ្សេងទៀត ក្នុងគោលបំណងផ្សព្វផ្សាយជូនអស់លោក លោកស្រីពីអាជីវករពាណិជ្ជករ សហគ្រាសឯកត្តបុគ្គលឬនីតិបុគ្គល សាខាក្រុមហ៊ុនបរទេសអាចធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកមាន យូធូប ហ្វេសប៊ុក អ៊ីនស្តាក្រាមជាដើម ឲ្យយើងបានយល់ដឹងយ៉ាងទូលំទូលាយនៃនីតិវិធីនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាទទួលបានភាពស្របច្បាប់និងការធ្វើអាជីវកម្ម។ឯកឧត្តម ឱម តារាឬទ្ធិ ដែលជាប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថាការរកស៊ីតាមប្រព័ន្ធ អនឡាញដែលតម្រូវឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមានការរឹតត្បិតអ្វីនោះទេ គឺធ្វើឲ្យប្រសើរឡើងជាងមុននឹងធ្វើឲ្យមានការទុកចិត្តច្បាស់លាស់ហើយមួយទៀតមានដំណោះស្រាយ តែបើយើងគ្មានច្បាប់នោះទេអ្វីក៏ដោយដោះស្រាយអត់ចេញ គឺច្បាប់ជាអ្នកដោះស្រាយនូវបញ្ហាគ្រប់យ៉ាងដូចជាការលក់ បោកប្រាស់កេងបន្លំរបស់ក្លែងក្លាយមានគុណភាពជាដើម។ ឯកឧត្តម ឱម តារាឬទ្ធិបានមានប្រសាសន៍បញ្ជាក់ថា សិក្ខាកាមទាំងអស់នឹងយកនូវចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយបន្តដល់អាជីវករពាណិជ្ជករ សហគ្រាស ឯកត្តបុគ្គល ឬនីតិបុគ្គលសាខាក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មដើម្បីឲ្យពួកគាត់បានយល់ដឹងនិងជំរុញសកម្មភាព ពាណិជ្ជកម្មឲ្យកាន់តែខ្លាំងឡើងព្រមទាំងឲ្យស្របទៅតាមច្បាប់បញ្ញត្តិនានានឹងចូលរួមចំណែកបង្កើនវិស័យសេដ្ឋកិច្ច ក្នុងខេត្តបន្ទាយមានជ័យឲ្យមានការរីកចម្រើនឡើងបន្ថែមទៀត។ដោយ៖ឃិន គន្ធា