និវត្តជននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអង្គភាពខ្លួន

0

បន្ទាយមានជ័យ៖នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០១២ បានរៀបចំពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយនិវត្តជន អតីតមន្ត្រីនគរបាល ក្នុងទូទាំងខេត្តបន្ទាយមានជ័យ ចំនួន៦០៨នាក់។ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពនិងអមដំណើរដោយឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមនជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោក លោកស្រីឧត្តមសេនីយ៍ស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ និងលោកមេបញ្ជាវរសេនាតូចនគរបាលការពារព្រំដែនទាំង៤។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា : គោលបំណងនៃការប្រារព្ធពិធីនេះ ឡើងគឺដើម្បីជាការគោរពដឹងគុណ អំពីគំរូវីរភាព ស្នាដៃ ការកសាងគុណបំណាច់ ភាពជោគជ័យជាច្រើន ដែលបានបន្សល់ទុកពី លោកអ៊ុំ លោកពូ អ្នកមីង អតីតថ្នាក់ដឹកនាំ មន្ត្រីនគរបាលចូលនិវត្តន៍។ និងក៏ជាជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុន ថ្នាក់ដឹកដឹកនាំបច្ចុប្បន្ននិងយុវជនបន្តវេនជំនាន់ក្រោយ ឲ្យរឹតតែស្អិតរមួត មិនទុកឲ្យអតីតមន្ត្តី្រនគរបាលរស់នៅនិងមានអារម្មណ៍មិនឯកោ សុខកាយ សប្បាយចិត្ត មានអាយុវែង មានក្តីកក់ក្តៅផ្លូវចិត្ត មានសេចក្តីសុខសេចក្តីចំរើន សុភមង្គលមង្គល…។ឬថា ក្រោយពេលចូលនិវត្តន៍ ពួកគាត់មិនភ័យព្រួយអំពីជីវភាព មិនអស់សង្ឃឹម ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបន្តថា : ក្នងតំណែងរបស់លោក ការជួបជុំជាមួយនិវត្តជន អតីតមន្ត្រីនគរបាលក្នុងទូទាំងខេត្តបន្ទាយមានជ័យនេះ មិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរ។ហើយឆ្នាំមាននិវត្តិន៍ជនអតីតនគរបាលចំនួន៦០៨នាក់ ។ឯកឧត្ដម ស សុខា មានប្រសាសន៍ថា : ” យើងខ្ញុំជាអ្នកជំនាន់ក្រោយពិតជាមានក្តីសោមនស្សរីករាយនិងពេញចិត្តយ៉ាងខ្លាំងដែលបានជួបជុំដោយផ្ទាល់ជាមួយលោកអ៊ុំ លោកពូអ្នកមីងជានិវត្តន៍ជនអតីតមន្ត្រីនគរបាលដែលធ្លាប់បម្រើការងារនៅខេត្តបន្ទាយមានជ័យ។ ឯកឧត្ដមចងចាំជានិច្ចនិងគោរពរៀនសូត្រវីរភាពនៃការលះបង់ស្ទើរពេញមួយជីវីតរបស់លោកអ៊ុំ លោកពូអ្នកមីងក្នុងការបម្រើជាតិ មាតុភូមិនិងប្រជាពលរដ្ឋ “។លោកបន្តថា : ការលះបង់ ការពុះពារការលំបាក ឧបសគ្គ ប្រឈមនឹងគ្រោះថ្នាក់ទាំងនោះហើយដែលនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍន័និងសេចក្តីសុខ សុភមង្គលរបស់អ្នកជំនាន់ក្រោយ ។ការកសាងពីបាតដៃទទេនិងបទពិសោធន៍របស់លោកអ៊ុំ ពូ អ្នកមីង ជាអ្នកជំនាន់មុន ជាការចូលរួមចំណែកជាមួយថ្នាក់ដឹកនាំ វីរជន យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ វីរប្រជាជន បាននាំមកអ្វីៗដល់អ្នកជំនាន់ក្រោយ។លោកក៏បានពានាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដឹងគុណពីសំណាក់សម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវជូនចំពោះនិវត្តន៍ជនអតីតនគរបាល ក៏ដូចជាកងយោធពលខេមរភូមិន្ទ(កងទ័ពនិងកងរាជអាវុធហត្ថ) ។ជាឱកាសនោះ គណៈ:អធិបតីក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៏បណ្ឌិត ម៉ៅ ម៉ាល័យ ចែកជូនដល់អតីតមន្ត្រីនគរបានចូលនិវត្តន៍(និវត្តជន) ចំនួន៦០៨នាក់។គឺម្នាក់ៗទទួលបានរួមមានថវិការ៥ម៉ឺនរៀល អង្ក១ការ៉ុងទម្ងន់២៥គីឡូក្រាម មី១កេស ឃីត១កញ្ចប់ មានភួយ១ សារ៉ុង១ ក្រមា១។និងចុងក្រោយនិវត្តន៍ជននិងថ្នាក់ដឹកនាំ ភ្ញៀវបានអញ្ជើញពិសារអាហារដ៏ឈ្ងុយឆ្ងាញក្នុងពិធីជប់លៀងញាំបាយសាមគ្គី ចំនួន៦៥តុ ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ពូន សានិត ស្នងការរងចូលនិវត្តន៍-តំណាងនិវត្តន៍ជនបានថ្លៃងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំនិងលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រុមការងារដែលបានរៀបចំកម្មវិធីដ៏មានន័យនិងមានប្រយោជន៍នេះ ៕ដោយ៖ឃិន គន្ធា