អាជ្ញាធរខេត្តស្ទឹងត្រែង ជំរុញឲ្យមានការដោះស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងសាលានគរបាលជាតិ ភូមិភាគ១ ស្ទឹងត្រែង ដែលមានទំនាស់ជិត២០ឆ្នាំមកនេះឲ្យបានឆាប់ ដើម្បីឈានទៅបញ្ចប់វិបត្តិដ៏រ៉ាំរ៉ៃ និងចុះបញ្ជីដីធ្លី ក្នុងបញ្ជីសារពើភ័ណ្ណឲ្យបានត្រឹមត្រូវ

0

ខេត្តស្ទឹងត្រែង៖ ការថ្លែងជំរុញរបស់ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ប៉ាង លីណាត បានថ្លែង ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងសាលានគបាលជាតិ ភូមិភាគ១ ស្ទឹងត្រែង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង។

កិច្ចប្រជុំស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងវិវាទធីដ្លី រវាងប្រជាពលរដ្ឋ និងសាលានគបាលជាតិ ភូមិភាគ១ ស្ទឹងត្រែងនោះ ក៏មានការចូលរួមពី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង លោក ម៉ិញ ស៊ីចាយ ,អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល ,តំណាងសាលានគបាលភូមិភាគ១ ស្ទឹងត្រែង និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាច្រើនរូប ផងដែរ។

អភិបាលរងខេត្តស្ទឹងត្រែង លោក ប៉ាង លីណាត បានថ្លែងថា កិច្ចប្រជុំនេះ គឺដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីពាក់ព័ន្ធនឹងសាលានគបាលភូមិភាគ១ ដែលមានទីតាំងនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលកន្លងមកនេះ មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ បានធ្វើការប្រជុំជាច្រើនលើកមកហើយ ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីនេះ ព្រមទាំងបានដោះស្រាយបានចំនួនរួចរាល់ហើយ ប៉ុន្តែ នៅសេសសល់មួយចំនួនទៀត ដែលត្រូវបន្តរួមគ្នារួមដោះស្រាយ។

លោក ប៉ាង លីណាត បានថ្លែងទៀតថា ដីដែលមានបញ្ហាវិវាទនេះ ពីមុនមកខេត្តបានផ្តល់ជូននគរបាល ដើម្បីបង្កើតជាសាលានគបាលជាតិភូមិភាគ១ ដែលកាលនោះខេត្តបានប្រគល់ដីនេះ ជូនសាលានគបាលជាតិ ភូមិភាគ១ នៅជាប្រភេទដីព្រៃនៅឡើយទេ តែបន្ទាប់ពីប្រគល់ទៅឲ្យសាលានគបាលជាតិ ភូមិភាគ១ រួចហើយ បែរជាសាលានគរបាលជាតិ ភូមិភាគ១ គ្រប់គ្រប់មិនបានដិតដល់ និងមិនបានធ្វើការចុះបញ្ជី ជាបញ្ជីសារពើរភ័ណ្ណទ្រព្យសម្បត្តិរបស់រដ្ឋនោះដែរ អិញ្ជឹងហើយបានធ្វើឲ្យដីនេះ មានបញ្ហាជាប់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្ត បានជំរុញឲ្យមានការដោះស្រាយបញ្ហានេះឲ្យបានឆាប់ ។

ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង​ លោក ម៉ិញ ស៊ីចាយ បានឲ្យដឹងថា នេះជាកិច្ចប្រជុំមួយ ក្នុងន័យស្វែងរកដំណោះស្រាយ ដើម្បីឈានទៅបិទបញ្ជប់វិវាទដីធ្លី ដែលមានរយៈពេលជិត ២០ឆ្នាំមកហើយ និងសុំឲ្យភាគីទាំងសងខាងមានការយោគយល់គ្នា ព្រោះបើបញ្ហានេះនៅតែបន្តទៀត នឹងអូសបន្លាយពេលវេលា និងគ្មានផលចំណេញអ្វីដល់គូភាគីទាំងសងខាងនោះទេ។ លោកបន្តថា ចំពោះករណីវិវាទដីធ្លីនេះ កន្លងមក លោកអភិបាលខេត្ត បានឲ្យពិនិត្យឡើងវិញ និងតម្រូវឲ្យធ្វើការកំណត់អត្តសញ្ញាណក្បាលដី ដើម្បីបានដឹងអំពីចំនួនផ្ទៃដី ដែលមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ។

លោក ម៉ិញ ស៊ីចាយ បានបញ្ជាក់ថា ក្រោយធ្វើអត្តសញ្ញាណក្បាលដីរួចមក មន្ត្រីជំនាញបានរកឃើញថា មាន ១៨ក្បាលដី ដែលមានការពាក់ព័ន្ធនឹងសាលានគបាលជាតិ ភូមិភាគ១ និងបានធ្វើការដោះស្រាយនូវបញ្ហាក្បាលដីនេះ បានមួយចំនួនរួចមកហើយ រីឯក្បាលដីដែលនៅសេសសល់ ត្រូវបន្តលើកមកដោះស្រាយគ្នានៅក្នុងពេលនេះ៕ ដោយ៖ឡុង សំបូរ