កំពង់ចាម: ឯកឧត្តម អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះស្វែងយល់ការពិតនៃបញ្ហាលំបាក និងសំណូមពរពាក់ព័ន្ធ និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិឡឥដ្ឋ សង្កាត់បឹកុក ក្រុងកំពង់ចាម ។
ឯកឧត្តម អ៊ិត ប្រាំង បានថ្លែងថា ក្នុងការជួបសំណេះសំណាលនេះ ពុំមានមន្ត្រីសង្កាត់ និងភូមិ ចូលរួមជាមួយទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមលើកមតិយោបល់ដោយសេរី ដើម្បីស្វែងយល់ការពិតនៃបញ្ហាលំបាក និងសំណូមពរពាក់ព័ន្ធ និងជីវភាពរស់នៅ រួមមាន មុខរបរ សេវារដ្ឋបាល ការធ្វើអត្តសញ្ញាណប័ណ្ណ ការធ្វើលិខិតស្នាម ផ្សេងៗ សន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងស៊ីសង ថ្នាំញៀន សេវាសាធារណៈ អគ្គិសនី ទឹក ផ្លូវ លូ បរិស្ថាន សុខភាព អនាម័យ ការព្យាបាល មន្ទីរពេទ្យ ការរៀនសូត្រ សាលារៀន ការលក់ដូរ បញ្ហានៅ ក្នុងផ្សារ ការអភិវឌ្ឍភូមិ តុលាការ និងការថ្នាំងថ្នាក់ ឬការមិនពេញចិត្តនឹងគោលនយោបាយ ថ្នាំងថ្នាក់នឹង មន្ត្រី និងអ្នកជិត ខាង។ល។ ជាពិសេសការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ (រៀនរស់ជាមួយកូវីដ-១៩) ការចាក់ ថ្នាំជំរុញបង្ការជំងឺកូវីដ-១៩ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ិត ប្រាំង បានឆ្លើយតប និងបកស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានដូចជាការស្នេីសុំដោះស្រាយបញ្ហាបង់ព័ន្ធដី សុំលូរំដោះទឹកភ្លៀង សុំផ្លូវ និងសុំភ្លេីងបំភ្លឺផ្លូវ ជាពិសេសសុំប័ណ្ណកម្មសិទ្ធិដី បន្ទាប់ពីប្រជាពលរដ្ឋជាង១០០គ្រួសារ បានទិញដីបង់រំលោះពីលោក ម៉ៅ ហេង នៅភូមិឡឥដ្ឋ ជាច្រើនឆ្នាំហើយតែពុំមានប័ណ្ណកម្មសិទ្ធិស្របច្បាប់នៅឡេីយ ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋ ដែលបានទិញដីពីលោក មៅ ហេង នៅភូមិឡឥដ្ឋ តែគ្មានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ត្រឹមត្រូវនោះ ឯកឧត្តម អ៊ិត ប្រាំង បានសន្យាថា លោកនឹងស្នើសុំឡើងទៅថ្នាក់ជាតិ ដេីម្បីធ្វើការដោះស្រាយបញ្ហានេះជូនពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ៕