ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់គណបក្សថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការីក្រុមការងាររបស់គណបក្ស រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ បានជួបសំណេះសំណាលជាមួយសមាជិកគណបក្សថ្មីចំនួន២៤៥ នាក់ ដែលទើបចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង បានឡើងធ្វើរបាយការណ៍ស្វាគមន៍ នឹងបានរាយការណ៍អំពីការគ្រប់គ្រងសមាជិកបក្សចាស់ និងការកសាងសមាជិកបក្សថ្មី ដែលទើបគ្រប់អាយុបោះឆ្នោត នឹងមួយចំនួនទៀតក៏បានទទួលស្គាល់និងបញ្ចូលសមាជិកបក្សថ្មី ដែលទើបចាកចេញពីគណបក្សដ៏ទៃ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ។ បច្ចុប្បន្ននៅឃុំបន្ទាយស្ទោង មានសមាជិកបក្ស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ មានចំនួន៦៨% លើចំនួនប្រជាជន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីក្នុងឆ្នាំ២០២២នេះ ។
ឯកឧត្តម សោម ស៊ុន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលបានខិតខំបំពេញបែបបទ និងបានធ្វើពិធីបញ្ចូលសមាជិកថ្មីស្របតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ។ ជាមួយនោះដែរឯកឧត្តម សោម ស៊ុន បើកថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះបងប្អូនក្មួយៗ ដែលជាសមាជិក សមាជិកាថ្មី ដែលទើបបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយ ដែលមានវ័យចំណាស់ជាងគេ មានបទពិសោធន៍ក្នុងការគ្រប់គ្រងដឹកនាំប្រជាជននាំមកនូវសុខសន្តិភាព ដឹងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយជំពូកទី៣ នៃលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា អំពីតួនាទីភារកិច្ច និងសិទ្ធិរបស់សមាជិកគណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាថ្មី ដើម្បីបានយល់ជ្រួតជ្រាបក្នុងពេលដែលគាត់បានចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
កញ្ញា បាវ ខាត់ដានី បានឡើងធ្វើការប្តេជ្ញាចិត្តគោរពប្រតិបត្តិ និងដើរតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានប្តេជ្ញាចិត្តនាំសាច់ញាតិបងប្អូនទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា នៅខែកក្កដា ឆ្នាំ២០២៣ ខាងនេះ ឲ្យទទួលបានជោគជ័យថ្មីទៀត ៕