(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងតំបន់និងក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយរៀនសូត្រខ្លឹមសារអប់រំចិត្តសាស្ត្រ ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
បន្ទាប់ពីបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ទូទៅដែលកើតមានឡើងនៅក្នុងតំបន់និងនៅក្នុងព្រះរាជាណាចក្រកម្ពុជារួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងបណ្តាការិយាល័យ ស្ថាប័នចំណុះឲ្យបណ្ដាអង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសម្រេចតាមផែនការ និងភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទទួលបានជោគជ័យគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសន្តិភាព ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពេលនេះប្រជាជនកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងទទួលបាននូវការអភិវឌ្ឍរីកចម្រើន ហើយជាមួយនោះដែរកិតិស័ព្ទរបស់ព្រះរាជាណាចក្រកម្ពុជាយើង បានលេចត្រដែតត្រចះត្រចង់នៅលើឆាកអន្តរជាតិ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវប្ដេជ្ញាចិត្តដាច់ខាត កំចាត់ចោលនូវរាល់ជនទាំងឡាយណា ដែលមានគោលបំណងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានសុខសន្តិភាពដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ ឱ្យបន្តនៅគង់វង្សជារៀងរហូត ដេីម្បីឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត និងសម្រាប់សេចក្តីសុខសាន្ត របស់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។