(ខេត្តប៉ៃលិន)៖ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិ បានអញ្ជើញចូលរួមជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិគឺ ទី១.ភូមិបឹងអូរជាង ភូមិឡាក់៦២ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ពិធីនេះក៍មានការអញ្ជើញពីឯកឧត្តម សៅ សារ៉ាត អ្នកតំណាងរាស្ត្រមណ្ទលប៉ៃលិន ឯកឧត្តមក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន និងបងប្អូនប្រជាពលរដ្ឋចំនួន៨៩០គ្រួសារផងដែរ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានបប្រសាសន៍លើកឡើង ដោយពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋផងដែរ ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍បន្តថា៖ស្របពេលដែលប្រទេសយើង កំពុងមានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍនេះ ក៏មានជនអគតិមួយក្តាប់តូច តែងតែដើរបំភ្លៃការពិតពីកម្ពុជា ចង់បំផ្លាញសេចក្តីសុខ ការរីកចំរើនរបស់ប្រជាពលរដ្ឋកម្ពុជា និងចង់អូសទាញកម្ពុជាអោយធ្លាក់ក្នុងភ្លើងសង្គ្រាម បង្ករភាពអសន្តិសុខបន្តទៀត។ ដូច្នេះសូមបង្អូនកុំជឿលើការឃោសនា អូសទាញ ការញោះញង់របស់ជនអគតិទាំងនោះ ពោលគឺត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល បន្តការអភិវឌ្ឍស្រុក ទេស របស់យើងអោយបន្តរីកចំរើន តកូន តចៅរបស់យើងទៅថ្ងៃមុខទៀត។
មានមតិសំណេះសំណាលក្នុងឪកាសនោះឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប៉ៃលិន បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋផងដែរ ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ទិត របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមនយោបាយឈ្នះៗ ទើបយើងមានថ្ងៃនេះ មានការជួបជុំបងប្អូន ការជួបសំណេះសំណាលគ្នា នេះដោយសារយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ។
ឯកឧត្តម បន្ថែមថា ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរព និងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់ ជាមួយនិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានានិងរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួន កុំឱ្យកើតឡើងបាន។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារក៍បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញទី៤ សូមនាំគ្នារួសរាន់ចាក់ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតភូមិ ឃុំ របស់ប្រជាពលរដ្ឋរស់នៅ និងសូមកុំឱ្យមានការភ័យខ្លាចថា វ៉ាក់សាំងបង្កជាហានិភ័យដល់សុខភាព តាមរយៈការញ៉ុះញ៉ុងពីជនអគតិមួយចំនួន ដែលមិនចង់ឱ្យប្រទេសជាតិគេចផុតពីជំងឺកូវីដ-១៩ ព្រោះវ៉ាក់សាំង ជួយដល់ប្រជាពលរដ្ឋដែលមានសុខភាពខ្សោយ និងជួយពង្រឹងអង់ទីករបន្ថែមទៀត ដើម្បីឱ្យមានភាពស៊ាំក្នុងខ្លួនពីជំងឺកូវីដ-១៩។
ក្នុងពិធីនេះផងដែរ ឯកឧត្តម និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋទាំង៨៩០គ្រួសារ រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ ខោអាវ និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន