ប៉ៃលិន៖ នៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៤ ដើម្បីផ្សាព្វផ្សាយសមិទ្ធិផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឲ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានជាដើម ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិការ អង្គវេទិការទាំងមូល សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិការនេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា បកស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូន អោយបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ។
ពាក់ព័ន្ធទៅនឹងបញ្ហា និងការសំណូមពររបស់ប្រជាពលរដ្ឋ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ជំរុញ ដល់ អង្គភាពស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវស្វែងយល់លើគ្រប់បញ្ហា និងករណីខ្លះត្រូវចុះទៅពិនិត្យជាក់ស្តែង ក្នុងការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ គឺត្រូវធ្វើយ៉ាងណាឱ្យពួកគាត់កាន់តែមានជំនឿជឿជាក់មកលើការដឹកនាំរបស់អាជ្ញាធរ ជាពិសេសមេឃុំ-ចៅសង្កាត់ថ្មីក្នុងអាណត្តិនេះ ហើយក្នុងនោះអាជ្ញាធរខេត្ត នឹងធ្វើការពិនិត្យ និងតាមដានរាល់បញ្ហា ព្រមទាំងដំណោះស្រាយទាំងអស់ ដើម្បីឈានទៅធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
មានប្រសាសន៍ក្នុងវេទិកានាឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក មេឃុំ និងភូមិ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ហើយត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា ដូចជា៖ បទល្មើសព្រៃឈើ បទល្មើសជលផល បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕
ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាឱកាសនេះ គឺជាការអនុវត្តតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុក ដោយនៅក្នុងមាត្រា៦៥ និង១២១ បានចែងថា នៅក្នុងអំឡុងខែមិថុនានៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាក្រុង ស្រុក ត្រូវរៀចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមឃុំ សង្កាត់នានាក្នុងក្រុង ស្រុករបស់ខ្លួន និងនៅក្នុងមាត្រា៩ បានចែងថា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្តត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង និងបណ្តាស្រុកនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍បានថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត ដើម្បីបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ នៅ ស្រុកសាលាក្រៅ នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា បានលើកឡើងនូវសំណួរ និងសំណូមពរដោយផ្ទាល់មាត់មានចំនួន ១២ករណី និង សំណួរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរ (សម្រង់សំណួរ) មានចំនួន ៤០ករណី ផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន