បាត់ដំបង.ហ្វូងសត្វស្វាប្រមាណជាង ១.០០០ ក្បាល បានចេញប្រសេចប្រសាច ពីក្នុងប្រាង្គមួយកន្លែង ដើម្បីនាំគ្នាមកយកកម្តៅថ្ងៃ ស្របពេលដែលអាកាសធាតុធ្លាក់ខ្យល់ត្រជាក់ខ្លាំងពេក។
នៅប៉ុន្មានថ្ងៃដើមខែមករា ឆ្នាំ២០២៣ នេះ នៅក្នុងខេត្តឡុបបុរី ប្រទេសថៃ អាកាសធាតុបានធ្លាក់ចុះមកនៅចន្លោះពី ១៦ ដល់ ១៩ អង្សារសេ ព្រមទាំងមានខ្យល់បក់មកជាប់ជាប្រចាំផង ដែលធ្វើអោយហ្វូងស្វាទាំងនេះ ទ្រាំនឹងភាពត្រជាក់មិនបាន។
គឺព្រឹកឡើងនៅពេលដែលព្រះអាទិត្យចាប់ផ្តើមបញ្ចេញរស្មី ហ្វូងស្វាទាំងតូចទាំងធំ បានរត់ចេញពីព្រៃខ្លះ និងខ្លះទៀតដែលកំពុងរស់នៅក្នុងប្រាង្គ ប្រសាទកំពូល៣ មួយកន្លែង ក្នុងខេត្តឡុបបុរី នាំគ្នារត់ប្រដេញគ្នាដោយភាពកក់ក្តៅ ដោយខ្លះចេញមកបំបៅដោះកូន ខ្លះទៀតអោបគ្នាដេកយកកម្តៅថ្ងៃ ដោយឡែកសត្វស្វាចំណាសៗមួយចំនួន បានលាក់ខ្លួនសំងំនៅតាមចន្លោះជញ្ជាំងប្រាង្គដើម្បីគេចពីខ្យល់ត្រជាក់ មើលទៅប្រមាណជាង ១ ពាន់ក្បាល គួរជាទីទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរមែនទែន ប៉ុន្តែដោយសារតែមានការអភិរក្ស ទើបមិនមាននរណាម្នាក់ ហ៊ានប៉ះពាល់ដល់ហ្វូងស្វាទាំងនេះឡើយ ៕ អត្ថបទ : ព្រាប.ស