នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល​

0

កំពង់ចាម​:​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល​ និងត្រូវផ្ដល់លេខទូរស័ព្ទទំនាក់ទំនងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនង​ ពេលមានបញ្ហាកើតឡើង ឬពួកគាត់មាន​តម្រូវការ​ជំនួយណាមួយពីសមត្ថកិច្ច​ ការ​ថ្លែង​បែប​នេះ​​ក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៣​ ខែមករា​ ឆ្នាំ​២០២៣​ ក្រោម​វត្តមាន​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ។

ក្នុង​ឱកាស​នោះ​​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចូលរួមអបអរសាទរចំពោះលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អតីត​ស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនការងារព្រហ្មទណ្ឌ​ ដែលត្រូវ​បានប្រកាសចូលកាន់តំណែង និងសូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ឯម កុសល អតីតស្នងការ ដែលក្នុងរយៈពេលកាន់តំណែង៦ឆ្នាំមកនេះ បានអនុវត្តតួនាទីភារកិច្ច ក្នុងការដឹកនាំកងកម្លាំងនគរបាលខេត្ដកំពង់ចាម ធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ រហូត​ចូលនិវត្តន៍ ហេីយត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាជំនួយការ ឋានៈស្មើអគ្គនាយករង​ ។

ក្នុង​ឱកាស​នោះដែរ​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ក៏បានណែនាំដល់​ស្នងការដែលទើបប្រកាសចូលកាន់តំណែងពង្រឹងតួនាទីដឹកនាំ ដែលជាអ្នកទទួលខុសត្រូវមុនគេ ចំពោះមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាព​ ​ដែលចាត់ទុកជាអ្នកដឹកនាំខ្ពស់ជាងគេទទួលខុសត្រូវ​ និងចាត់ទុកជាមេគ្រួសារ អាណាព្យាបាល ដើម្បីផ្សាភ្ជាប់មនោសញ្ចាតនាជាមួយមេ និងកូនចៅ ដោយយកគំរូតាមសមាគមមិត្តនគរបាល​ ហេីយត្រូវពង្រឹងរបៀបរបបការងារ ត្រូវបែងចែក ប្រជុំ សំដៅពង្រឹងសាមគ្គី​ និងពង្រឹងការងារប្រចាំបញ្ជា ដោយធ្វើឲ្យស្មើភាពគ្នា​ ។ លេីសពីនោះត្រូវពង្រឹងតួនាទីសេនាធិការគ្រប់ជ្រុងជ្រោយជូនគណៈបញ្ជាការឯកភាព​ និងពង្រឹងអធិការនគរបាលក្រុង ស្រុក ឲ្យរឹងមាំ​ ហេីយត្រូវពង្រឹងគុណភាព សមត្ថភាពកងកម្លាំង តែមិនត្រូវភ្លេចគុណធម៌ និងវិន័យ ចំពោះ​ចំពោះ​ប៉ុស្ដិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចដែលនៅតាមដងផ្លូវ នគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់ ដោយត្រូវប្រើប្រាស់សម្ដី អាប្បកិរិយាឲ្យបានត្រឹមត្រូវ ។

ជាមួយគ្នា​នោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់​ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឲ្យជួយដឹកនាំ និងពង្រឹងការងារគ្រប់គ្រងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សំដៅបំពេញការងារប្រកបដោយភាពជោគជ័យផងដែរ​ ៕