កំពង់ធំ)÷ ឯកឧត្តម ឈុន ឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាអនុប្រធាន គណបក្សខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវលោកលោកស្រី ប្រធានអ/នុប្រធាន និងសមាជិកសមាជិកាគណបក្ស បានអញ្ជើញចូលរួមពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជាគឺ លោក ឃីម សុខឃាង ត្រូវបានប្រកាសជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។
លោក ឃីម សុខឃាង ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ បានឡើងប្ដេជ្ញាចិត្តដែលមានខ្លឹមសារសំខាន់ៗបំផុតគឺ ប្តេជ្ញារក្សាការពាររាល់សមិទ្ធផលទាំងឡាយដែលគណបក្សប្រជាជនកម្ពុជាយើងបានកសាងរយៈ ពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត ។ ប្តេជ្ញា យកអស់កំលាំងកាយ កំលាំងចិត្ត និងស្មារតី ដើម្បីបំរើគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុកសាងការពារជាតិមាតុភូមិ និងបំរើប្រជាជននៅមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយគ្មានលក្ខខណ្ឌស្របតាមគោលការណ៍គណបក្សប្រជាជនកម្ពុជាកើតពីប្រជាជន បម្រើប្រជាជន និងដើម្បីប្រជាជន។ ប្ដេជ្ញាពង្រឹងសាគ្គីភាពក្នុងជួរថ្នាក់ដឹកនាំ និងមន្ត្រីបក្សឱ្យបានល្អប្រសើរ គោរពវិន័យ អង្គការចាត់តាំងបក្សលើផ្នែកសតិអារម្មណ៍ ចាត់តាំង និងនយោបាយដោយឈរលើគោលការណ៍សមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ និងមតិភាគតិចគោរពគាគច្រើន និងខិតខំពង្រឹងរបៀបរបបការងារ ឱ្យបានល្អប្រសើរ។ ប្តេជ្ញាដឹកនាំបក្សឱ្យបានជោគជ័យទៅមូលដ្ឋានពិសេសឱ្យទទួលបានជ័យជំនះ ក្នុងការបោះ ឆ្នោតសកលឆ្នាំ២០២៣។
ឯកឧត្តម ឈុន ឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាអនុប្រធាន គណបក្សខេត្តកំពង់ធំ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនីមួយៗត្រូវមានព្រហ្មវិហារធម៌ទាំង៤របស់មនុស្ស ដើម្បីផ្ដល់សេចក្តីសុខដល់មនុស្សទូទៅ កុំយកភាពអត្តនោមាត មកសម្រេចចិត្តតែម្នាក់ឯង គឺយកមតិភាគច្រើនដើម្បីមកពិចារណាធ្វើការសម្រេចកិច្ចការអ្វីមួយនៅក្នុងសហគមន៍ ។ សូមរក្សាឯកភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់យើង ទៅរកភាពឈ្នះដើម្បីរួមសហការគ្នាកសាងគណបក្សប្រជាជនកម្ពុជា ឲ្យមានការរីកចម្រើននៅក្នុងមូលដ្ឋាន។
ឯកឧត្តម ឈុន ឈន់ បានផ្តាំផ្ញើដល់ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ សមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវពិនិត្យធ្វើការវិភាគឲ្យបានល្អនៅផែនការដែលអនុវត្តប្រចាំខែ ប្រចាំឆ្នាំ ដើម្បីយកមកអនុវត្តឲ្យបានល្អហើយតាមដានជាប្រចាំ ទទួលបានលទ្ឋផល១០០%។ ត្រូវមានការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដើម្បីមានភាពស្និទ្ធស្នាល ស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗនៅក្នុងសហគមន៍។ បង្កើតឱ្យមានវេទិកាសាធារណៈដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងពីព័ត៌មានផ្សេងៗនៅក្នុងសហគមន៍ រកដំណោះស្រាយនិងសំណូមពរនៅក្នុងមូលដ្ឋាន និងចុះពិនិត្យតាមដានមួយសមាជិក នៅតាមភូមិគោលដៅដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ទទួបានលទ្ឋផលល្អប្រសើរ សម្រាប់ថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។