កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាល គ្រប់រូប សូមបញ្ជូនកូនចៅដែលគ្រប់អាយុដល់វ័យសិក្សាឲ្យចូលរៀនបានគ្រប់ៗគ្នា ហើយត្រូវ យកចិត្តទុកដាក់ជំរុញ និងដាស់តឿនកូនចៅ ឲ្យខិតខំសិក្សារៀនសូត្រផង ពោលគឺត្រូវបន្តផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូនចៅផងដែរ ។ ការថ្លែងបែបនេះក្នុងពិធីបើកប វេសនកាលថ្មីឆ្នាំសិក្សា២០២២–២០២៣ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យ ជូន ណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ។
ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអ គ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ក្នុងនោះមាន វិស័យផ្លូវ ទឹក ភ្លើង និងមនុស្ស។ ប៉ុន្តែមកដល់បច្ចុប្បន្ន វិស័យ ធនធានមនុស្សត្រូវបានឈរនៅលំដាប់អទិភាពទី១វិញ ពីព្រោះថាវិស័យធនធាន់មនុស្សនេះ គឺមាន សារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការ រីកចម្រើន បន្ទាប់ពីប្រទេសរបស់យើង មានសុខសន្តិភាពពេញបរិបូរណ៍ហេីយនោះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្តថា ជាការពិតណាស់ការអប់រំ និងការកសាង ធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងសាលារៀន ដែលមានគ្រូបង្រៀន គឺជាអ្ន កសម្រួចអនាគតរបស់សិស្ស ជាឪពុក ម្តាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ ។ ប៉ុន្តែត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅ ។ ក្រៅពីនោះគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ សូមបន្តការអនុវត្ត គោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឲ្យបានជ្រួតជ្រាបដល់សិស្សានុ សិស្សគ្រប់ភូមិសិក្សាឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត ដើម្បីកសាងយុវជន ជំនាន់ថ្មី ប្រកបដោយការរីកចម្រើន ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ ក្មួយៗ សិស្សានុសិស្ស យុវជន យុវ នារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមឲ្យបានសស្រាក់ សម្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើ អបាយមុខផ្សេងៗ ផងដែរ ៕