(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ផ្ដល់នូវកាដូឆ្នាំថ្មី ខ្មៅ១ x ២ចំនួន១០០ម៉ែត្រគូប ស៊ីម៉ង់តិ៍ចំនួន ៦០តោន ក្នុងនោះម្ចាស់គម្រោងដីឡូតិ៍សុខសាន្តក៏បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ២០ តោន ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន សម្រាប់សាងសង់ផ្លូវនៅក្នុងមូលដ្ឋាន ខណៈដែលឯកឧត្តម ងួន រតនៈ អញ្ជើញចុះទៅពិនិត្យផ្លូវបេតុងមួយខ្សែដែលកសាងដោយសហគមន៍ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តទៀតថា ការឧបត្ថម្ភនេះ គឺជាជំហានដំបូងក្នុងការចូលរួមឧបត្ថម្ភគាំទ្រជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលបានខិតខំលះបង់ទាំងថវិកា ទាំងកម្លាំង នាពេលកន្លងមកព្រមទាំងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានលះបង់ទាំងថវិកា កម្លាំងកាយ ក្នុងការអភិវឌ្ឍន៍ ភូមិ ឃុំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះដែរលោក សោម ធី ចៅសង្កាត់ស្រយ៉ូវបានថ្លែងថា ផ្លូវបេតុងប្រមាណជាង ១៧០០ម៉ែត្រ ទទឹង០៦ម៉ែត្រ និងកម្រាស់ ១.៥ ម៉ែត្រ គឺជាថវិការបស់មូលនិធិឃុំសង្កាត់ ចំណែកឯផ្លូវបេតុងប្រមាណជិត៤០០ ម៉ែត្រ គឺជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋសុទ្ធសាធ ដែលបានលះបង់ថវិកា និងកម្លាំងមកសាងសង់ផ្លូវនេះ។ លោកបានបញ្ជាក់ទៀតថា ផ្លូវបេតុងនេះប្រជាពលរដ្ឋធ្វើតែពេលយប់ទេដោយសារពេលថ្ងៃបងប្អូនជាប់រវល់ទៅធ្វើការងាររបស់ខ្លួន។
ក្នុងនាមអាជ្ញាធរសង្កាត់ស្រយ៉ូវ សូមថ្លែងអំណរគុណ ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងក្រុមការងារដែលបានផ្ដល់ជាសម្ភារៈសម្រាប់ឲ្យបងប្អូនបន្តការសាងសង់ផ្លូវបេតុងបន្ថែមទៀត។