ជនចាស់ជរា៥០នាក់នៅខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀលប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន​

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមូលនិធិចាស់ជរា របស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រចាំខែមករា ជូនដល់លោកយាយ លោកតា ចាស់ជរា គ្មានទីពឹងទូទាំងខេត្ត ចំនួន៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១០០.០០០រៀល ។

ក្នុងឪកាសនោះដែរឯកឧត្តម សៅ សារ៉ាត់ តំណាងឲ្យឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ដោយមើលឃើញពីការលំបាក របស់លោកយាយ លោកតា ដែលមានវ័យចំណាស់ ពិបាកក្នុងការប្រកបរបររកស៊ី លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានមូនិធិ និងឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន តែងយកចិត្តទុកដាក់ ដល់ចាស់ជរា ជនគ្មានទីពឹង ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លូន ដើម្បីធ្វើការឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា សម្រាប់ដោះស្រាយក្នុងជីវភាពផងដែរ ។

ឯកឧត្តម សៅ សារ៉ាត់ បានឱ្យដឹងបន្តថា៖ មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជា ការជួយលើកកម្ពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយ លោកតា ដោយមិនប្រកាន់បក្ខពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឱ្យប្រព្រឹត្តិតែអំពើល្អ។ បន្ថែមលើនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ ដល់លោកយាយ លោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ព្រោះរហូតមកដល់ពេលនេះ កូវីដមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានសហការជាមួយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បែងចែកជា៣ក្រុម គឺក្រុមទី១ បើកផ្ដល់ជូនលោកយាយ លោកតានៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥០នាក់ដោយ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ផងដែរ ៕

​អត្ថបទ ភ្នំខៀវ ប៉ៃលិន