កំពង់ធំៈ សកម្មភាពការដឹកជញ្ជូនបទល្មើសព្រៃឈើ តាមរយះកាណូត និងសំប៉ាន ឬតាមកាណូតប៉ុកចាយ ត្រូវបានចាប់ផ្តើមកំរើកសាជាថ្មី បន្ទាប់ពីមានដំណឹងថា រដ្ឋាភិបាលបានអនុញ្ញាតិឲ្យមានការសុំច្បាប់ដឹកឈើ ធ្វើទូកងរ ទើបមានជនឆ្លៀតឳកាសបានក្លែងបន្លំដឹកឈើដោយគ្មានច្បាប់អនុញ្ញាតិ តាមបណ្តោយស្ទឹងសែន តែសំណាងអាក្រក់ត្រូវបានជាប់អន្ទាក់មេព្រៃ។
ជាក់ស្តែងនៅយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ១១ មានកាណូតសំប៉ានមួយគ្រឿងបាន ដឹកឈើគគីពេញ តាមស្ទឹងសែន លុះមកដល់ចំនុចភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏ត្រូវបានលោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំកំលាំងចម្រុះមាន
កំលាំងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ប៉ូលិស ប៉េអ៊ឹម និងតំបន់សឹករងកំពង់ធំ ក៏ត្រូវបាន ស្ទាក់ចាំចាប់ពេញមួយយប់ទាល់ភ្លឺ ដោយសារតែជនសង្ស័យដែលជាម្ចាស់ឈើ ពុំព្រមសម្របសម្រួលតាមការ ស្នើរសុំរបស់សមត្ថកិច្ចជំនាញ ដោយអះអាងថា មេរបស់គេឈ្មោះ ចូច មិនឲ្យឈប់ជាដាច់ខាត លុះត្រាតែមានបញ្ជាពីព្រះរាជអាជ្ញាខេត្តកំពង់ធំ ឲ្យចាត់វិធានការតាមច្បាប់ទើប ជនសង្ស័យព្រមចូលច្រាំង លុះព្រឹកឡើងទើបសមត្ថកិច្ច ធ្វើការដឹកជញ្ជូនយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្ទោង។
ប្រភពពត៌មាននៅកន្លែងបង្រ្កាបបទល្មើស ត្រូវបានគេដឹងថា កាណូតសំប៉ាននេះ បានដឹកចេញពីស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ បំរ៉ុងនិងឆ្លងកាត់ខេត្តកំពង់ធំ ទៅដាក់សិប្បកម្មមួយកន្លែងតែត្រូវបាន សមត្ថកិច្ចឃាត់ចាប់ដោយសារគ្មានច្បាប់អនុញ្ញាតិ ខណៈពេលដែលសមត្ថកិច្ចឃាត់ភ្លាម ជនសង្ស័យទាំង៣នាក់ បាន លោតចុះពីកាណូតហើយដាក់មេប្រូចបាត់ស្រមោល ។
លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង បានឲ្យដឹងថា មុនឈានដល់ការបង្រ្កាបកាណូតសំប៉ាននេះ លោកបានទទួលពត៌មាន២ថ្ងៃមុន ហើយបានចាត់កំលាំងឲ្យតាមឃ្លាំមើល លុះពេលថ្ងៃជនសង្ស័យបានចូល ជ្រក លុះពេលយប់ទើបក្រុមរកស៊ីបទល្មើសធ្វើសកម្មភាពដឹកជញ្ជូនបន្ត ព្រមទាំងបានធ្វើឲ្យសំលេងម៉ាស៊ីន ស្ងាត់ស្ទើរពុំដឹងថា ជាកាណូតសំប៉ាន ដោយសារតែក្រុមឈ្មួញបានបូមទឹកបង្ហូរតាមបំពង់ស៊ីម៉ាំងដើម្បីកាត់បន្ថយសំលេង លុះមកដល់ជិតគល់ស្ពានកំពង់ធំ ក្រុមឈ្មួញដឹងខ្លួន ក៏ព្រមឈប់ដោយគ្មានបទបញ្ជាពីលោក ចូច ជាម្ចាស់ ទើបសុំយោបល់ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដើម្បីឃាត់កាណូតសំប៉ាននេះ។