ទីតាំងរោងសិប្បកម្មកែច្នៃឈើប្រណីតដុះស្លែដ៏ធំមួយកន្លែងជិតស្រះទឹក ក្នុងស្រុកត្រពាំងប្រាសាទ គ្មានមន្ត្រីជំនាញពាក់ព័ន្ធណាចុះធ្វើការបង្ក្រាប!!

0

ខេត្តឧត្តរមានជ័យ៖ រោងសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លែងជិតស្រះទឹក ដែលត្រូវបានគេស្គាល់ថាមានម្ចាស់ឈ្មោះ(ផាន់ណា) ឋិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាននិងកំពុងតែដំណើរការធ្វើយ៉ាងកក្រើកគ្មានការរំខានពីសំណាក់ អាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានឡើយ។

ជាក់ស្តែងជារៀងរាល់ថ្ងៃមេឈ្មួញឈ្មោះ(ផាន់ណា)នេះ តែងតែធ្វើសកម្មភាពបំផ្លាញព្រៃឈើ អស់រយៈពេលជិតដប់ឆ្នាំកន្លងមកហើយ ដោយមួយថ្ងៃៗ គេឃើញមានការដឹកជញ្ជូនឈើប្រណីតជាច្រើនម៉ែត្រគីប តាមរយៈរថយន្តនិងគោយន្តកន្រ្តៃមកពីគ្រប់ទិសទីយ៉ាងអនាធិបតេយ្យ ចូលទៅស្តុកទុកដើម្បីកែច្នៃ តែមិនដែលឃើញមាន សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធណាធ្វើការចុះទៅបង្ក្រាម្ដងណាសោះឡើយ បណ្ដោយឲ្យមេឈ្មួញរូបនេះ រកស៊ីបទល្មើសព្រៃឈើបានយ៉ាងរលូន។
សូមបញ្ជាក់ផងដែរថា៖ កន្លងមកអង្គភាពសារព័ត៌មានជាច្រើន ធ្លាប់បានរាយការណ៍ទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងធ្វើការចុះផ្សាយពីទីតាំងរោងសិប្បកម្មនេះព្រោងព្រាតដែរ តែហាក់ដូចជាគ្មានចំណាត់ការបង្ក្រាបសោះទាល់តែសោះ។
មហាជនជាច្រើនបានរិះគន់យ៉ាងចាស់ដៃចំពោះអាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធថា៖ អស់លោកមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងស្រុកត្រពាំងប្រាសាទទាំងអស់ ពិតជាអសមត្ថភាពក្នុងការបង្ក្រាបបទល្មើសខ្លាំងណាស់ សុីប្រាក់ខែរបស់រដ្ឋ តែគ្មានឆន្ទៈបម្រើសង្គមជាតិសោះ បណ្ដោយឲ្យក្រុមឈ្មួញរកស៊ីបំផ្លិចបំផ្លាញព្រៃឈើខ្ទេចខ្ទីអស់គ្មានសេសសល់។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា៖ ករណីដែល អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកទាំងអស់ មិនព្រមធ្វើការចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃ ឈើប្រណីតរបស់់មេឈ្មួញឈ្មោះ(ផាន់ណា)នោះគឺសង្ស័យតែជាកន្លែងប្រភពចំណូល ឬក៏ជាឆ្នាំងបាយរបស់អស់លោកមន្ត្រីទាំងនោះទេដឹង ទើបបានជាមិនព្រមធ្វើការបង្រ្កាបសោះអញ្ចឹង តើតួនាទីរបស់អស់លោករាល់ថ្ងៃនេះបង្កើតឡើងសម្រាប់ធ្វើអ្វីទៅ?
ប្រជាពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទ បានទទូចនិងធ្វើការអំពាវនាវទៅដល់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមឯកឧត្ដម មានចំណាត់ការចំពោះ អស់លោកមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកត្រពាំងប្រាសាទ ដែលអសកម្មក្នុងការបង្ក្រាបបទល្មើសព្រៃឈើទាំងអស់នោះផងទាន ព្រោះរាល់ថ្ងៃនេះអស់លោកទាំងនោះមិនដែលយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើឡើយ បណ្ដែតបណ្ដោយឲ្យពួកឈ្មួញរកស៊ីបើករោងសិប្បកម្មកែច្នៃ បំផ្លាញព្រៃឈើធនធានធម្មជាតិតាមតែអំពើចិត្ត។ដោយ:ភ្នំដងរែក