រដ្ឋបាលស្រុកតាំងគោក សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍/សន្ទុក ចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅឃុំស្វាយភ្លើង

0

កំពង់ធំ)÷ ការរាតត្បាតនៃជម្ងឺកូវីដ-១៩ នាឆ្នាំ២០២០ និង២០២១ កន្លងមកព្រមទាំងជំនន់ទឹកភ្លៀងប៉ុន្មានខែមុននេះធ្វើឲ្យប្រជាពលរដ្ឋស្រុកតាំងគោកមួយចំនួនបានជួបនឹងការប្រឈមលំបាកក្នុងជីវភាពរស់នៅ ដូច្នេះការពិនិត្យព្យាបាលជូនពួកគាត់ដោយ ឥតគិតថ្លៃគឺជាការរួមចំណែកជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ជាក់ស្តែងដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជនតាមរយ:លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានសហការជាមួយក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលប្រតិបត្តិ បារាយណ៍-សន្ទុក បន្តធ្វើការពិនិត្យព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ស្ថិតឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

នៅក្នុងឪកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពុំបានមកផ្ទាល់ដោយសារមានកិច្ច្ចការដែលត្រូវបំពេញទាំងក្នុងនិងក្រៅប្រទេស សម្តេចតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោម យកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន។ ស្របពេលដែលអាជ្ញាធរភូមិ/ឃុំ ចុះជាប្រចាំក្នុងមូលដ្ឋានដើម្បីក្តាប់ឱ្យបានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូន និងរាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ករណីខ្លួនមិនមានលទ្ធភាពដោះស្រាយជូន ។ ក្នុងនោះផងដែរលោកអភិបាលស្រុកតាំងគោក ក៏ធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

លោកអភិបាលស្រុក ក៏បានបន្តទៀតការចុះពិនិត្យព្យាបាល នេះជាសកម្មភាពបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យដែលធ្វើជារាងរាល់ថ្ងៃនៅតាមមណ្ឌលសុខភាព ។
លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទៅរកសេវាសុខភាព នៅមណ្ឌលសុខភាពដែលក្បែរផ្ទះព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាពមានសម្ភារ:គ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានធ្វើការផ្តាំផ្ញើរឲ្យបងប្អូន លោកយាយលោកតា ត្រូវចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត ដើម្បីជៀសផុតពីជំងឺអសន្នរោគផ្សេងៗ។

សូមបញ្ជាក់ថា៖ ការពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល ១ព្រឹក គឺចាប់ពីម៉ោង០៧:៣០នាទីព្រឹក រហូតដល់ម៉ោង ១១ព្រឹក ដោយក្រុមគ្រូពេទ្យជំនាញជំងឺទូទៅ។ ដោយការរាយណ៍ពីការពិនិត្យនិងព្យាបាលជំងឺបងប្អូន លោកយាយលោកតាបានចំនួន៤៦២នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក ក្រុមគ្រូពេទ្យ និងបន្តធ្វើទៀត៕