បើកបវេសនកាលថ្មីឆ្នាំ ២០២៣ របស់សាលាចំណេះទូទៅអង្គការ ហាឆាន់ខាំ

0

បន្ទាយមានជ័យ៖ សាលាចំណេះដឹងទូទៅរបស់អង្គការ ហាឆាន់ខាំ ប្រទេសសាធារណៈរដ្ឋកូរ៉េនិងមហាវិទ្យាល័យគ្រឹះស្ថាន ក្នុងក្រុងសិរីសោភ័ណត្រូវបានបើកបវេសនកាលសិក្សាថ្មីឆ្នាំ ២០២៣ នាព្រឹកថ្ងៃទី ១០ ខែមករាឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះផងដែរ គណៈអធិបតីក៏បានផ្ដល់នូវអាហារូបករណ៍ដល់និស្សិត និងបានផ្ដល់លិខិតតែងតាំងសាស្ត្រាចារ្យ និងលិខិតថ្លែងនូវអំណរគុណជូនដល់ឯកឧត្តមអភិបាលខេត្តផងដែរ។
លោក គឹម យ៉ង់អ៊ុក ប្រធានអង្គការ ហាឆាន់ខាំ ប្រទេសកូរ៉េប្រចាំកម្ពុជាបានមានប្រសាសន៍ថា ប្រជាជននៃប្រទេសកូរ៉េខាងត្បូងគឺមានមនោសញ្ចេតនា អាណិតស្រឡាញ់ដល់ប្រជាជនកម្ពុជា ជាពិសេសគឺវិស័យអប់រំដែលជាវិស័យអទិភាពដ៏មានសារៈសំខាន់ ដើម្បីបង្កើនធនធានមនុស្សហើយអង្គការ ហាឆាន់ខាំ និងបន្តជួយដល់សិស្សានុសិស្សផ្ដល់អាហារូបករណ៍ជាបន្តបន្ទាប់ និងសង្ឃឹមជឿជាក់ថាប្អូនៗសិស្សានុសិស្សទាំងអស់និងខិតខំរៀនសូត្រ យកចិត្តទុកដាក់ ឧស្សាហ៍ព្យាយាម ដើម្បីក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ ជៀសឆ្ងាយពីរអំពើឧបាយមុខផ្សេងៗ ពិសេសគ្រឿងញៀន។
ថ្លែងនាឱកាសបើកបវេសនកាលថ្មីនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ កោតសរសើរនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកូរ៉េ ដែលមានចិត្តអាណិតស្រឡាញ់ចំពោះប្អូនៗសិស្សានុសិស្សដែលបានរៀនសូត្រ ចំណេះដឹងទូទៅបានល្អកន្លងមក។ ឯកឧត្តមអភិបាលខេត្តបន្តថា ចំនួននៃការសិក្សារយៈពេលមួយឆ្នាំគឺមានថេរៈវេលាខ្លី ដែលយើងទាំងអស់គ្នាជាសិស្សត្រូវតែខិតខំប្រឹងប្រែងប្រមូលផ្ដុំ កម្លាំងកាយចិត្ត បញ្ញាស្មារតីនិងឆន្ទៈមោះមុត គិតគូស៊ីជម្រៅបោះជំហានទៅមុខព្រមៗគ្នា ដើម្បីបុព្វហេតុនៃការអប់រំសម្រាប់ទាំងអស់គ្នា ក្លាយជាទំពាំងស្នងឬស្សីជាសសរទ្រូងទ្រទ្រង់ប្រទេសជាតិ ត្រូវគិតឲ្យបានច្បាស់ថា “នៅក្នុងសៀវភៅជាប្រភពផ្លូវនៃប្រាជ្ញា”។ ជាចុងក្រោយគណៈអធិបតីក៏បានផ្ដល់ជូននៅកាដូអនុស្សាវរីយ៍ដ៏ឯកឧត្តម អស់លោកលោកស្រីដែលបានចូលរួម។ដោយ៖ឃិន គន្ធា