ឯកឧត្តម ឈុន ឈន់ ផ្តើមចេញពីថ្ងៃ០៧ មករា ១៩៧៩ ទើបយើងមានសិទ្ធិសេរីភាព និងការអភិវឌ្ឍន៍ដល់សព្វថ្ងៃ

0

(កំពង់ធំ)៖ មានប្រសាសន៍ក្នុងពិធីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ (៧ មករា ១៩៧៩ -៧ មករា ២០២៣) នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទសំបូរ ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកប្រាសាទសំបូរ មានប្រសាសន៍លើកឡើងថា៖ ផ្តើមចេញពីជ័យជំនះ០៧ មករា ១៩៧៩ ដែលមានរយៈពេល៤៤ឆ្នាំ កន្លងទៅនេះប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិត មានសិទ្ធិសេរីភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដល់សព្វថ្ងៃនេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម បណ្ឌិតប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឃួន សុវណ្ណ ទីប្រឹក្សាផ្ទាល់សម្ដេចទេពវង្ស លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងសមាជិក សមាជិកា កងកម្លាំងទាំងបី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រធានក្រុមការងារចុះជួយឃុំឈូក បានអានសុន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថាៈ ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ប៉ុលពត សង្រ្គោះជាតិប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៍សាហាវយង់ឃ្នង បំផុតនេះ បានទាន់ពេលវេលា និងបានបបញ្ចប់សករាជ ដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកប្រាសាទសំបូរ បានមានប្រសាសន៍បន្តថា៖ រយៈពេល៤៤ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គម យ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូល នឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៉ាំរៃ រាប់ទស្សវត្សរ៍ ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេ រហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូរធា និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ ។

នាឱកាសនោះ ឯកឧត្តម ឈុន ឈន់ ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ បានមានប្រសាសន៍លើកឡើងថា៖ ឆ្លងកាត់រយៈពេល ៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថាផ្តើមពីជ័យជម្នះ៧ មករា ប្រទេសកម្ពុជា បាននឹងកំពុងឈានទៅមុខឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ហើយកម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹក ដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តម ឈុន ឈន់ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមម្លប់សន្តិភាព បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ កម្ពុជាទទួលបានជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាព ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូរីដ-១៩ ជាក់ស្តែងវិស័យសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការខិតខំប្រឹងប្រែង ប្រកបដោយភាពបុរេសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា សមាគមប្រជាជនសន្តិភាព នៃកម្ពុជា ដឹកនាំដោយព្រះភិក្ខុដ្ឋាន វេជ្ជធម្មោ ឃិន រ៉ាវីតព្រះប្រធានសមាគមប្រជាជនសន្តិភាព នៃកម្ពុជា បានឧបត្ថម្ភសម្ភារៈសិក្សាចំនួន២០០កញ្ចប់ និងថវិកាដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុង០១នាក់ទទួលបានសម្ភារៈសិក្សា០១កញ្ចប់ និងថវិកាមួយចំនួនទៀតផងដែរ។