(កំពង់ធំ)៖ បន្ទាប់ពីទទួលដំណឹង ថាមានសកម្មភាព ឈូសឆាយដីព្រៃ ដែលជាតំបន់ការពារ ដែនព្រៃបំរុងទុកអចិន្រៃ្តយ៍របស់រដ្ឋ នៅចំនុចអូរដីទួលកន្ទួត ក្នុងភូមិសាស្រ្តភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុក ហៃ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ទីតាំងដីដែលកូនលោក ប្រាក់ មិន មេឃុំសុចិត្រ ស្រុកសណ្តាន់ បានទៅស៊ីឈ្នួលឈូសឆាយដីព្រៃ នៅក្នុងភូមិសាស្រ្តាភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង នៅទីតាំងខាងលើរួចមក ក៏បានជួបប្រជុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសុចិត្រ ដែលក្នុងនោះមានការចូលរួម លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោកអភិបាលរងស្រុកសណ្តាន់ លោកនាយ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្តាន់ លោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង ជំទប់ទី១ឃុំសុចិត្រ សមាជិកក្រុមប្រឹក្សាឃុំសុចិត្រ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងចារកម្មក្រសួងមហាផ្ទៃ ជាលទ្ធផល ឯកឧត្តម សុក ហៃ ដែលជាប្រធានក្រុមការងារ បានសម្រេចឲ្យចុចយកនិយាមកាដើម្បីហ៊ុមព័ទ្ធ ស្នើសុំធ្វើដីកាដកហូត និងរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីក្នុងរយៈពេល១សប្តាហ៍ ដើម្បីបញ្ជូនទៅតុលាការ។លោ ម៉្យាងវិញទៀត ឯកឧត្តម សុក ហៃ សង្កត់ធ្ងន់ថា ទៅលើអាជ្ញាធរនៅទីនោះថា សូមកុំយកបញ្ហាបទល្មើស មកពាក់ព័ន្ធជាមួយបក្សឲ្យសោះ។
គួររំលឹកផងដែរ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងកំពង់ធំ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងនគរបាលប្រឆាំងចារកម្ម(ក្រុមការងារដីធី្លថ្នាក់ជាតិ) បង្រ្កាបបាន ត្រាក់ទ័រ២គ្រឿង ក្នុងនោះបើករត់គេចបាត់១គ្រឿង មុនពេលសមត្ថកិច្ចទៅដល់។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យដែលជាតៃកុងត្រាក់ទ័រឈូសឆាយព្រៃបានម្នាក់ផងដែរ ប៉ុន្តែមានជន១ក្រុមមានចំនួន២០នាក់ នាំបក្ខពួកមកទីតាំងកើតហេតុក្នុងគោលបំណង រំដោះយកវត្ថុតាងពីសមត្ថកិច្ច ក្នុងកាលៈទេសៈនោះធ្វើឲ្យជនសង្ស័យម្នាក់ឆ្លៀតឳកាសរត់គេចខ្លួនដោយសុវត្ថិភាពផងដែរ។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ត្រាក់ទរ័បានចំនួន២គ្រឿងពណ៌ក្រហមម៉ាកKUBOTA M9540 ស្ថិតទីតាំងដីត្រង់ចំនុចនិយាមកា÷657164-1427475 , 567138-1427412) ទីតាំងដីព្រៃនោះដែរ រងនូវការកាប់រាន ឈូសឆាយហ៊ុមព័ទ្ធយកធ្វើកម្មសិទ្ធទំហំ៣,៥៨០១ហិកតា។
លោកមេឃុំសុចិត្រ ប្រាក់ មិន បញ្ជាក់ឲ្យដឹងទៀតថា ម្ចាស់ត្រាក់ទ័រទាំងនោះជាកម្មសិទ្ធិមានឈ្មោះ ១,ឈ្មោះកំសត់(ជាក្មួយ) /២,ឈ្មោះ ឃាន(ជាក្មួយ) /និងទី៣កូនរបស់លោកមេឃុំផ្ទាល់ឈ្មោះ ម៉ាច ។ លោកប្រាក់ មិន បន្តឲ្យដឹងទៀតថា រាល់ថ្ងៃនៅឃុំសុចិត្រ គ្មានដីត្រង់ណាដែល ស្របច្បាប់នោះទេ គឺសុទ្ធតែដីគម្របព្រៃឈើឆ្នាំ២០០២ ដីព្រៃឡង់ គ្មានដីណាមានប្លង់នោះទេ ប្រជាពលរដ្ឋចេះតែនាំគ្នាធ្វើ នាំគ្នាឈូសទៅ តែគេចោទប្រកាន់ថាឈូសព្រៃ ព្រោះនៅជុំវិញនេះសុទ្ធតែចំការស្រាច់ហើយ ។
ទាំងនេះ គឺការលើកឡើងរបស់លោកមេឃុំ ប្រាក់ មិន តែប៉ុណ្ណោះ ដោយឡែកខណៈនេះដែរឯកឧត្តម សុក ហៃ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ តំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សម្រេចឲ្យចុចយកនិយាមកាដើម្បីហ៊ុមព័ទ្ធ ស្នើសុំធ្វើដីកាដកហូតទុកជាសម្បត្តិរដ្ឋវិញ និង ពន្លឿន អាជ្ញាធរមន្ទីរពាក់ព័ន្ធ រៀបចំចងក្រងសំណុំរឿងតាមនីតិវិធីក្នុងរយៈពេល១សប្តាហ៍ឲ្យរួចរាល់ ដើម្បីបញ្ជូនទៅតុលាការ។