(កំពង់ធំ): ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ផ្ដល់គោលការណ៍មួយចំនួនដល់យុវជនឃុំ ដើម្បីពង្រឹងសមាជិកបក្សនៅតាមមូលដ្ឋាន ខិតខំចុះជួបបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឲ្យបានញឹកញាប់ ព្រមទាំងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងសមិទ្ធផលនានាដែលយើងបានអភិវឌ្ឍកន្លងមក ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាប និងមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
ការថ្លៃយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជានៅឃុំចំណារលើ ស្រុកស្ទោង ឃុំដូង និងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ដើម្បីស្វែងយល់អំពីរចនាសម្ព័ន្ធយុវជននៅក្នុងឃុំ ក៏ដូចជាសកម្មភាពរបស់យុវជនដែលបានជួយគាំទ្រដល់គណៈកម្មាធិការគណបក្សឃុំ ភូមិ និងជួយពង្រឹងការគ្រប់គ្រងគណបក្សនៅក្នុងមូលដ្ឋានមានភាពល្អប្រសើរ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម ងួន រតនៈ បន្តទៀតថា យុវជនគណបក្ស ជាភ្នែកជាច្រមុះឱ្យថ្នាក់ដឹកនាំថ្នាក់បក្ស ហើយអាជ្ញាធរដែនដី គឺជាម៉ែឪរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីបានស្គាល់គាត់ និងមានឱកាសស្ដាប់នូវការលំបាក សំណូមពរ និងបញ្ហារបស់ពួកគាត់ ដើម្បីទទួលយកបញ្ហា និងសំណូមពរ រកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
លើសពីនេះទៀតឯកឧត្តម ងួន រតន: បានជំរុញដល់ ក្រុមការងារយុវជនគណបក្ស ត្រូវពង្រឹងសមាជិកបក្ស និងធ្វើបច្ចុប្បន្នភាពក្រុមបក្ស ការកសាងកម្លាំងបក្សឲ្យមានភាពច្បាស់លាស់ ធ្វើយ៉ាងណាឱ្យសមាជិកគណបក្សនៅក្នុងមូលដ្ឋានមានការរីកចម្រើន ដោយសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ពេលបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មកយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷អង្ករ មី ត្រីខ ទឹកស៉ីអ៊ីវ និងសៀងផងដែរ។