ខេត្តបាត់ដំបង ÷ ក្រុមអ្នកញៀនល្បែងចំនួន៨នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបលើករណីជាក់ស្តែងទាំងយប់ ខណ:ដែលពួកគេកំពុងដំណើរការលែងអាប៉ោង នៅក្នុងដំណាក់នៃការរឹតបន្តឹងល្បែងសុីសងខុសច្បាប់។
ដោយអនុវត្តតាមការណែនាំផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ទើប នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ១០ និង ៥០ នាទី យប់ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយតំណាងអយ្យការ ចុះប្រតិបត្តិការបង្ក្រាបករណី ល្បែងស៊ីសង ( អាប៉ោង ) ១ ករណី នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វេីការនាំខ្លួនអ្នកលេង ចំនួន ៨ នាក់ ទៅកាន់ស្នងការដ្ឋាន ស្របពេលដែលកម្លាំងប៉ុស្តិ៍ និងកម្លាំងអធិការក្រុងកំពុងដេកលក់ ។
ក្រុមញៀនល្បែងទាំងនោះគឺ ១.ឈ្មោះ សៀង គីម ភេទប្រុស អាយុ ៧០ ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ២.ឈ្មោះ អូន អ៊ុល ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ៣.ឈ្មោះ អ៊ន អៀត ភេទប្រុស អាយុ ៦៨ ឆ្នាំ មានទីលំនៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ៤. ឈ្មោះ វន្ត័ វី ភេទប្រុស អាយុ ៥៦ ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ៥. ឈ្មោះ ជា សូនី ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ៦. ឈ្មោះ បាក់ គឹមហៀក ភេទស្រី អាយុ ៦៥ ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ៧. ឈ្មោះ ហៃ ភូន ភេទស្រី អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង និង ៨. ឈ្មោះ វុត ប៉ុច ភេទស្រី អាយុ ៤៩ ឆ្នាំ មានទីលំនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន ៖ កម្រាលសម្រាប់ចាក់អាប៉ោង ០១ គម្រប ផ្តឹលជ័រ ពណ៌ខៀវ ០១ ឆ្នាំង ដាក់ដី សម្រាប់ ទ្រ ចានអាប៉ោង ០១ ។ បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕ អត្ថបទ : ព្រាប.ស