លោក ហាក់ ម៉ុងហួត លើកឡើងថាសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់ពីកត្តាសន្តិភាពបានឡើយ

0

(កំពង់ធំ) ÷សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាមយើងមិនអាចដឹកនាំកសាង និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចបច្ចុប្បន្នទេ។ សុខសន្តិភាពគឺបានមកដោយសារការលះបង់អាយុជីវិតរបស់អ្នកស្នេហាជាតិ ដូច្នេះសូមបងប្អូនត្រូវចូលរួមការពារសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយ។

ឆ្លៀតក្នុងឱកាសនេះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង ៩.០៦៨ម៉ែត្រ លូ៤កន្លែង និងស្លាកសញ្ញា១ផ្ទាំង គម្រោងមូលនិធិឃុំឆ្នាំ២០២២ ស្ថិតនៅភូមិកំញ៉ាត ប្រខ្នាយ ទន្លេវល្លិ៍ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។

លោកក៏បានបន្តថា សមិទ្ធផលទាំងនោះរួមមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្លូវកៅស៊ូ ផ្លូវបេតុងតូចធំ វែងខ្លី ស្ពានតូចធំ ស្ពានវែងខ្លី បានកើតឡើងព្រោងព្រាតក្នុងភូមិសាស្ត្រ​ស្រុកតាំងគោក នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ព្រមទាំងគម្រោងនានាផ្សេងៗទៀតដែលរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល គ្រោងអនុវត្តនៅឆ្នាំជាបន្តបន្ទាប់ខាងមុខ ដែលការរីកចម្រើនទាំងនេះ គឺកើតឡើងដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ។ ជាក់ស្តែងផ្លូវបេតុងមួយខ្សែដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកមានភាពងាយស្រួល ពិសេស ក្មួយៗសិស្សានុសិស្សងាយស្រួលធ្វើដំណើរទៅសាលារៀន ប្រជាកសិផលងាយស្រួលដឹកកសិផលទៅលក់នៅទីផ្សារ ។

ក្នុងឱកាសនេះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានផ្តាំផ្ញើ​ និងសំណូមពរ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវអនុវត្តឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងមានសោភ័ណភាព ព្រមទាំងគោរពឲ្យបាននូវពេលវេលាកំណត់។ អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការជាមួយក្រុមការងារសាងសង់ ក្នុងការបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យក្រុមការងារមានលទ្ធភាពខ្ពស់ក្នុងការសាងសង់ បានលឿន និងទាន់ពេល។ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើកបរ សូមប្រកាន់នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

គួរបញ្ជាក់ផងដែរថា តាមរយៈសមិទ្ធផលដែលរាជរដ្ឋាភិបាលផ្តល់ជូនពិសេសរដ្ឋបាលស្រុក និងខេត្តបានធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកតាំងគោកកាន់តែទទួលបាននូវភាពរីកចម្រើននៅក្នុងជីវភាពរស់នៅ និងកាន់តែធ្វើឱ្យប្រជាពលរដ្ឋមានជំនឿជាក់នៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕