រដ្ឋបាលខេត្តស្ទឹងត្រែង អំពាវនាវដល់មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ឲ្យទៅទទួលយកការចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ ដូសទី៤ ដល់ដូសទី៦ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត

0

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣មករានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារចាប់ពីអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ,ដូសទី៥ កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ ចាក់ជូនមន្ត្រីជួរមុខ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រុមគ្រូពេទ្យជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង ដូទី៤ ទី៥ និងទី៦ ដល់កុមារ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ នោះហើយ។

រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ឲ្យទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ជារៀងរាល់ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅតាមមណ្ឌលសុខភាពទាំង ១៨ ក្នុងឃុំ-សង្កាត់ នៃក្រុង-ស្រុកទាំង៦ គឺនៅពេលព្រឹក ចាប់ពីម៉ោង៧ និង៣០នាទី ដល់ម៉ោង១១ និង៣០នាទីថ្ងៃត្រង់ និងនៅពេលរសៀល ចាប់ពីម៉ោង ១ ដល់ម៉ោង ៤ល្ងាច ដោយនាំយកទៅជាមួយ នូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ ឯកសារបញ្ជាក់ផ្សេងៗតាមការចាំបាច់ ដើម្បីបង្ហាញដល់ក្រុមគ្រូពេទ្យ ឲ្យទទួលបានជោគជ័យ និងគោរពនូវវិធានការសុវត្ថិភាពសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ៕ ដោយ៖ឡុង សំបូរ