(ខេត្តកំពត)៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះបានបាញ់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយករណីប្លន់នេះកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងករណីខាងលើ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅ ស្ថិតក្នុងភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ដែលទឺតាំងកើតហេតុ ដោយត្រូវបានជនសង្ស័យបាញ់ប្លន់យកខ្សែកមាស បណ្តាលឱ្យរបួសដៃ-ជើង ថែមទាំងបាត់បង់ខ្សែកមាស ទម្ងន់៤តម្លឹង។ ដោយឡែក ជនសង្ស័យក្នុងករណីប្លន់នេះ មានឈ្មោះ ស៊ន ណុច ហៅជាងណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកកំណើត នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ប៉ុន្តែជនសង្ស័យមកស្នាក់នៅប្រកបការងារធ្វើសំណង់ ស្ថិតនៅមូលដ្ឋានកើតហេតុខាងលើ លុះពេលសង្កេតឃើញជនរងគ្រោះមានផ្ទះធំ និងពាក់ខ្សែកមាសធំៗបែបនេះ ក៏បែកគំនិតបាញ់ប្លន់យកតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ការបង្ក្រាបករណីប្លន់ប្រដាប់អាវុធបានដោយជោគជ័យនេះ ដោយសារ សមត្ថកិច្ច នៃអធិការដ្ឋានស្រុកទឹកឈូ សហការជាមួយនឹងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក្នុងនោះក៏មានប្រជាការពារ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាបានច្បាស់លាស់ ហើយឈានទៅបង្ក្រាបបានជនសង្ស័យ ព្រមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យរូបនេះទៅសាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធីច្បាប់៕ សេង ណារិទ្ធ