អ្នកស្លាប់​និង​ឆ្លង​វិ​រុស​អេ​បូ​ឡា​កើនឡើង​ជាង​មួយ​ម៉ឺន​នាក់​ហើយ​

0


​តុល្យការ​ចុងក្រោយ​របស់​អង្គការ​សុខភាព ពិភពលោក WHO ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨​កញ្ញា លាតត្រដាង​ថា វីរុស​អេ​បូ​ឡា​បានសម្លាប់​មនុស្ស​ដល់​លើសពី​៣.០០០​នាក់​ហើយ គឺ​ជិត​ពាក់កណ្តាល​នៃ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​ប្រមាណ​ជា​៦.៥០០​នាក់ ។​
​យោងតាម​តុល្យការ​នេះ​គិត​ត្រឹម​ថ្ងៃទី​២៣ កញ្ញា​ថា សរុប​មនុស្ស​៣.០៩៣​នាក់​ស្លាប់​ក្នុងចំណោម​អ្នកជំងឺ​អេ​បូ​ឡា​៦.៥៧៤​នាក់ ដែល​ជំរឿន​ឃើញ​ក្នុងប្រទេស​អាហ្វ្រិក​ខាងលិច​៥​។ តុល្យ​ការលើក​មុន​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​២១ កញ្ញា រៀបរាប់​ពី​មនុស្ស​ស្លាប់​២.៩១៧​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​អេ​បូ​ឡា ៦.២៦៣​នាក់ ។ ជំងឺ​នេះ​មាន​អត្រា​អ្នកស្លាប់​ប្រមាណ​ជា​៧០% ។​
​ការចេញផ្សាយ​តុល្យការ​ថ្មី​នេះ​ធ្វើឡើង​ខណៈ​ប្រទេស សេ​ណាហ្គា​ល់​បាន​បើក​ច្រក​អាកាស​មនុស្សធម៌​មួយ​សម្រាប់​ការបញ្ជូន​ជំនួយ មកកាន់​ប្រទេស​៣ ដែល​រង​ការប៉ះពាល់​ខ្លាំងជាងគេ​ក្រោយពី​បិទ​ព្រំដែន​របស់ខ្លួន​កាលពី ថ្ងៃទី​២១ សីហា ។​
​កាលពី​ថ្ងៃទី​១ កញ្ញា ប្រទេស​កូត​ឌី​វ័រ​ដែល​ពុំទាន់​រង​ការប៉ះពាល់​ដោយ​វីរុស​អេ​បូ​ឡា​នោះ ធ្លាប់​ប្រកាស​ពី​ការបើក​ច្រក​មនុស្សធម៌​ជាមួយ​ប្រទេស​ហ្គី​ណេ និង​លី​បេ​រី​យ៉ា តែ​ដោយនៅ​រក្សាទុក​ការបិទ​ព្រំដែន​ជាមួយ​ប្រទេស​ទាំងពីរ​នេះ ៕